អនុរដ្ឋលេខាធិការក្រសួងអប់រំ កោតសរសើរចំពោះការប្តេជ្ញាចិត្តថែរក្សាវិន័យ-ក្រមសីលធម៌របស់ក្រុមជម្រើសជាតិ ត្រៀមស៊ីហ្គេម នៅវៀតណាម
ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាវិន័យ និងក្រមសីលធម៌របស់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាទាំងអស់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆាប់ៗខាងមុខនេះ។
តាមរយៈសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៌ដល់ក្រុមជម្រើសជាតិ ត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការអស់រយៈពេល២ថ្ងៃពេញ ថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ឯកឧត្តម សុខ សប្បាយណា ក៏បានវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់មជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងការចូលរួមយ៉ាងយកចិត្តទុកដាក់របស់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាទាំងអស់ ក្នុងសិក្ខាសាលានេះ ដើម្បីលើកកម្ពស់បន្ថែមដល់ការគោរពវិន័យ និងក្រមសីលធម៌ ត្រៀមចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
ជាមួយគ្នានេះ គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលតំណាងឲ្យក្រុមជម្រើសជាតិទាំងអស់បានឡើងប្តេជ្ញាចិត្ត ក្នុងការគោរពឲ្យបាននូវវិន័យ-ក្រមសីលធម៌ ដើម្បីកិត្តិយស និងសេចក្តីថ្លៃថ្នូសម្រាប់ជាតិ រួមទាំងប្តេជ្ញាចិត្តប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីប្រកួតប្រជែងមេដាយផងដែរ។ឯកឧត្តម សុខ សប្បាយណា បានជំរុញទឹកចិត្តដល់ក្រុមជម្រើសជាតិទាំងអស់ឲ្យខិតខំប្រកួតឲ្យអស់ពីសមត្ថភាព ពីព្រោះ ស៊ីហ្គេម នៅវៀតណាម នាថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២នេះ គឺជាសមរភូមិចុងក្រោយ ក្នុងការវាស់ស្ទង់គុណភាពបច្ចេកទេសរបស់ក្រុមជម្រើសជាតិកម្ពុជា មុនពេលឆ្ពោះមកទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
អ្វីដែលសំខាន់បំផុត ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានស្នើឲ្យក្រុមប្រតិភូកីឡាកម្ពុជាគោរពឲ្យបាននូវវិន័យ ក្រមសីលធម៌ជាប់ជាប្រចាំឲ្យបានខ្ជាប់ខ្ជួន ក្នុងពេលពេលដំណើរ ស្នាក់នៅ និងការប្រកួតនៅស៊ីហ្គេមវៀតណាម ដើម្បីថែរក្សាឲ្យបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរជាតិ ព្រោះយើងទាំងគ្នាទៅនេះតំណាងឲ្យជាតិ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាគូសបញ្ជាក់ថា វគ្គ ស្តីពីវិន័យ និងក្រមសីលធម៌របស់ក្រុមកីឡាជម្រើសជាតិ រយៈពេល២ថ្ងៃនេះមានសមាសភាពចូលរួមមានសិក្ខាកាម ជាអ្នកដឹកនាំក្រុម គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិចំនួន ៤៧៦នាក់ ហើយក្នុងនោះមានគ្រូបង្វឹកចំនួន ៩៣នាក់ និងកីឡាករ ២៣៥នាក់ កីឡាការិនី ១២៤នាក់ ដោយសិក្សាផ្ទាល់ចំនួន ៧៦នាក់ និងតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះ ដំណើរការដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាពថវិកាអគ្គនាយកដ្ឋានកីឡា។គោលបំណងនៃការបើកវគ្គបំប៉ននេះ ដើម្បីឲ្យគ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីយល់ដឹងអំពីបេសកកម្ម និងស្គាល់តួនាទី ភារៈកិច្ចរបស់ខ្លួនប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ ប្រកបដោយកិត្តិយស មោទនភាពជាតិ ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមទទួលបាន ជោគជ័យជូនជាតិមាតុភូមិ៕អត្ថបទ៖ ជាវ ចន្ធូ