​ជនភៀស​ខ្លួន​អាកាសធាតុ​៖​ វិបត្តិ​ជន​ភៀស​ខ្លួន​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​ ដែល​គេ​មិន​សូវ​លើក​យក​មក​និយាយ​

បាតុ​ភូត​អាកាស​ធាតុ​ហួស​ហេតុ​ ដែល​បណ្ដាល​មក​ពី​ការ​ឡើង​កម្ដៅ​ផែនដី​ កំពុង​បង្ខំ​មនុស្ស​រាប់​សិប​លាន​នាក់​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​សារ​តែ​ផល​ប៉ះ​ពាល់ខ្លាំង​​របស់​វា​លើ​ជីវភាព និងលទ្ធភាព​រស់​នៅលើទីតាំង​របស់​ប្រជាជន។ ​​

នា​ពេល​បច្ចុប្បន្ន​នេះ​ «​ជន​ភៀស​ខ្លួន​[​ដោយ​សារ​]​អាកាស​ធាតុ​»​ មាន​ចំនួន​ច្រើន​ជាង​ជន​ភៀស​ខ្លួន​ដោយ​សារ​តែ​ជម្លោះ​ប្រដាប់​អាវុធ​រហូត​ដល់​ទៅ​៣​ដង​ ហើយ​តួរ​លេខ​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ឡើង​រហូត​ដល់​ជាង​ ២០០ ​លាន​នាក់​នៅ​ឆ្នាំ​ ២០៥០​។​

លោក​ Nhial Tiitmamer ​មន្ត្រី​បរិស្ថាន​ជាន់​ខ្ពស់​ដែល​ចូល​រួម​ជាមួយ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​​ប្រាប់​កាសែត​ Nikkei Asia ​ក្រោយ​​សង្កេត​មើល​ពី​លទ្ធផល​នៃ​ទឹក​ជំនន់​នៅ​តំបន់​ Old Fangak ​ភាគ​ខាង​ជើង​​ស៊ូដង់​ខាង​ត្បូង​កាល​ពី​ខែ​មីនា​ថា​ «​ប្រទេស​នេះ​ជួប​ប្រទះ​វដ្ត​ទឹក​ជំនន់​​ ប៉ុន្តែ​ទំហំ​ និង​ភាព​ញឹក​ញាប់​គឺ​ជា​បាតុភូត​ថ្មី​»​។

កាល​ពី​ឆ្នាំ​មុន​ ទឹក​​ជំនន់​​បាន​​វាយ​​ប្រហារ​​លើ​​តំបន់​​ភាគ​​ខាង​​ជើង​​នៃ​​ប្រទេស​​សូដង់​​ខាង​​ត្បូង​​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​​មនុស្ស​​ជាង​ ៨០០ ០០០ ​នាក់​​។ ​​ជម្លោះ​​ស៊ីវិល​​លើ​​បញ្ហា​​គ្រោះ​​ធម្មជាតិ​ បាន​ក្លាយ​ទៅ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​ប្រជាជន​រស់​នៅ​ក្នុង​តំបន់​ក្រីក្រ​នៃ​ប្រទេស​មួយ​នេះ​ ដោយ​​មនុស្ស​​ជាច្រើន​​​​​បាត់​​បង់​​ផ្ទះ​​សម្បែង​​ កសិដ្ឋាន​​ និង​​សត្វ​​ពាហនៈ​​ ហើយ​​ត្រូវ​​​បង្ខំ​​ឱ្យ​​ផ្លាស់​​ទីទៅ​​កន្លែង​​ផ្សេង​​ទៀត​​ដើម្បី​​ស្វែង​​រក​​អាហារ​​​។​

​ខណៈ​​ជន​ភៀស​ខ្លួន​ភាគ​ច្រើន​ត្រូវ​បាន​គេ​ស្គាល់​​​ជា​ទូទៅ​ថា​ជា​ប្រជាជន​ត្រូវ​ផ្លាស់​ទី​​ដោយ​សារ​តែ​សង្គ្រាម​ ឬ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ ជន​ភៀស​ខ្លួន​អាកាសធាតុ​ដែល​​បាត់​បង់​ផ្ទះ​សម្បែង​របស់​ខ្លួន​ដោយ​សារ​តែ​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ មាន​កាន់​តែ​ច្រើន​ទៅ​ៗ​។​ ក្នុង​ឆ្នាំ​ ២០២០ ​ជន​ភៀស​ខ្លួន​អាកាសធាតុ​មាន​ជាង​ ៣០,៧ ​លាន​នាក់​ ច្រើន​ជាង​៣​ដង​នៃ​ចំនួន​ជន​ភៀស​ខ្លួន​​ដោយ​សារ​ជម្លោះ​ប្រដាប់​អាវុធ​ និង​អំពើ​ហិង្សា​។​ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ការ​ផ្លាស់​ទីលំនៅ​​ (IDMC) ​ដែល​ជា​អង្គការ​ស្រាវ​ជ្រាវ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ​។​

កំណើន​នៃ​ជន​ភៀស​ខ្លួន​អាកាសធាតុ​ គឹ​ជា​លទ្ធផល​នៃ​​ការ​កើន​ឡើង​​គ្រោះ​មហន្តរាយ​ធម្មជាតិ​ហួស​ហេតុ​ ដែល​បណ្ដាល​មក​ពី​ការ​ប្រែ​ប្រួស​អាកាស​ធាតុ​។​ យោង​តាម​អង្គការ​ឧតុនិយម​ពិភព​លោក​ (WMO) ​​ទឹក​ជំនន់​ គ្រោះ​រាំង​ស្ងួត​ និង​គ្រោះ​មហន្តរាយ​ផ្សេង​ទៀត​ជាង​ ៣ ០០០ ​បាន​កើត​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ២០១០ ​កើន​ឡើង​ពី​ ៧១១ ​​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​។​

ការ​រួម​បញ្ចូល​គ្នា​នៃ​កត្តា​​រដូវ​កាល​ និង​ការ​ឡើង​កម្ដៅ​ផែនដី​​ នាំ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​គ្រោះ​មហន្តរាយ​ធំ​ៗ​។​ នៅ​តំបន់​ភ្នំ​ហិម៉ាឡៃ​នៃ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា ​ការ​ធ្លាក់​ព្រិល​ និង​ទឹក​ជំនន់​ដែល​បណ្តាល​មក​ពី​ផ្ទាំង​ទឹក​កក​រលាយ​​ បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​កាល​ពី​ឆ្នាំ​ ២០២១​។​​ ​ក្នុង​ទីក្រុង​ Durban ​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ និង​តំបន់​ជុំ​វិញ​នោះ​ មនុស្ស​ជាង​ ១៣ ០០០ ​គ្រួសារ​បាន​បាត់​បង់​ផ្ទះ​សម្បែង​របស់​ខ្លួន​ដោយ​សារ​តែ​ទឹក​ជំនន់​ និង​ការ​រអិល​បាក់ដី​ ដែល​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា​។​

ការ​កើន​ឡើង​នៃ​កម្រិត​ទឹក​សមុទ្រ​ គឺ​ជា​ការ​គំរាម​កំហែង​មួយ​ទៀត​។​ យោង​តាម​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ (WEF) ​​រយៈ​ពេល​ ៣០ ​ឆ្នាំ​កន្លង​មក​នេះ ​ចំនួន​ប្រជាជន​ដែល​រស់​នៅ​​តំបន់​ឆ្នេរ​ដែល​រង​ហានិភ័យ​ខ្ពស់​ពី​បញ្ហា​នេះ​ ​​កើន​ឡើង​ពី​ ១៦០ ​លាន​នាក់​ ទៅ​ ២៦០ លា​ន​នាក់​ ដែល ​៩០ ​ភាគ​រយ​​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​ក្រី​ក្រ​ និង​រដ្ឋ​កោះ​តូច​ៗ​​។

ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​អាកាសធាតុ​​​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ជុំ​វិញ​ពិភព​លោក​ ធនាគារ​ពិភព​លោក​​ព្រមាន​នៅ​ក្នុង​របាយ​ការណ៍​១​កាល​ពី​ឆ្នាំ​មុន​ថា​ មនុស្ស​រហូត​ដល់​ ២១៦​ ​លាន​នាក់​អាច​ក្លាយ​ជា​ជន​ភៀស​ខ្លួន​មិន​ឆ្លង​ដែន​នៅ​ឆ្នាំ​ ២០៥០ ​រួម​ទាំង​ប្រជាជន​ ៨៦ ​លាន​នាក់​នៅ​អនុតំបន់​សាហារ៉ា​អាហ្រ្វិក​ ៤៩ លា​ន​នាក់​នៅ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​៤០​ លាន​នាក់​នៅ​អាស៊ី​ខាង​ត្បូង​ ១៩ ​លាន​នាក់​នៅ​អាហ្វ្រិក​ខាង​ជើង​ និង​អាមេរិក​ឡាទីន​ ១៧ ​លាន​នាក់​។​

នៅ​ភាគនិរតី​នៃ​ប្រទេស​បង់ក្លាដែស​ ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​ព្យុះ​កើត​ឡើង​ជា​ញឹក​ញាប់​​ មនុស្ស​រាប់​ម៉ឺន​នាក់​​ផ្លាស់​ទី​លំនៅ​ទៅ​កាន់ទី​ក្រុង​កំពង់ផែ​ Mongla ​ក្នុង​រយៈ​ពេល​១​ទសវត្សរ៍​កន្លង​មក​នេះ​​។​ រដ្ឋាភិបាល​បង់ក្លាដែស​ បាន​បង្កើតតំបន់១/៤​នៃ​ទីក្រុង​​ ដែល​ជន​ភៀស​ខ្លួន​អាច​ស្វែង​រក​ការងារ​ធ្វើ​ និង​រស់​នៅ​ដោយ​សុវត្ថិភាព​ ដោយ​សាង​សង់​ទំនប់​ទឹក​ និង​ប្រព័ន្ធ​លូ ​ដើម្បី​ការពារ​តំបន់​នេះ​ពី​គ្រោះ​ធម្មជាតិ​។​

យ៉ាង​ណា​មិញ​ ​មាន​ប្រទេស​​កំពុង​​អភិវឌ្ឍ​​តិច​តួច​ណាស់​ ដែល​​បាន​​អនុម័ត​​វិធានការ​​ប្រឆាំង​​នឹង​ព្រឹត្តិការណ៍​​អាកាស​ធាតុ​​ហួស​ហេតុ​។​ លោក​ Mami Mizutori ​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ហានិភ័យ​គ្រោះ​មហន្តរាយ​ និយាយ​ថា​៖​ ​«​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន​ផ្តល់​អាទិភាព​ទាប​ដល់​ការ​ការពារ​គ្រោះ​មហន្តរាយ​ ពី​ព្រោះ​ពួក​គេ​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​ជិត​មក​ដល់​ ដូច​ជា​កង្វះ​ស្បៀង​អាហារ​ និង​ជម្លោះ​ប្រដាប់​អាវុធ​»​។​ ​

​ក្នុង​របាយការណ៍ខែ​មករា​របស់​ខ្លួន​ ​អង្គការ​ WEF ​បាន​សង្កត់​ធ្ងន់​លើ​តម្រូវ​ការ​សម្រាប់​ក្រប​ខ័ណ្ឌ​អន្តរជាតិ​ដើម្បី​ការពារ​ជនភៀស​ខ្លួន​អាកាស​ធាតុ​។​ ក្នុង​ឆ្នាំ​ ២០១៨ ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ឯកសារ​ដែល​អំពាវ​នាវ​ឱ្យ​ប្រទេស​ជាសមាជិក​ ជួយ​សម្រួល​ដល់​ការ​ផ្លាស់​​​ទី​លំនៅ​ឆ្លង​ព្រំដែន​របស់​ជនភៀស​ខ្លួន​អាកាសធាតុ​ ដោយ​ផ្តល់​ទិដ្ឋាការ​ និង​ជំនួយ​ផ្សេង​ទៀត​។​

ប៉ុន្តែ​ឧបសគ្គ​នៅ​តែ​មាន​។​ អនុសញ្ញា​ស្តី​ពី​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ ផ្តល់​ការ​ការពារ​ដល់​ប្រជាជន​ដែល​ភៀស​ខ្លួន​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត ​ប៉ុន្តែ​មិន​គ្រប​ដណ្តប់​លើ​ជន​ភៀស​ខ្លួន​អាកាសធាតុ​ទេ​។​ ប្រទេស​អភិវឌ្ឍ​ក៏​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​បែប​នេះ​ដែរ​ ព្រោះ​ខ្លាច​មាន​ការ​កើន​ឡើង​លំហូរ​ជន​អន្តោ​ប្រវេសន៍​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​។​

អង្គការ​ WMO ​ប៉ាន់​ប្រមាណ​ថា​ ការ​ខាត​បង់​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​មាន​ចំនួន​សរុប​ ១,៤ ​ទ្រីលាន​​ដុល្លារ​ក្នុង​រយៈ​ពេល​ ១០ ​ឆ្នាំ​គិត​ត្រឹម​ឆ្នាំ​ ២០១៩ ​ដែល​ជា​ការ​កើន​ឡើង​ចំនួន​៨​ដង​ក្នុង​រយៈ​ពេល​ ៤០ ​ឆ្នាំ​កន្លង​មក​។​ ​

មនុស្ស​ជា​ច្រើន​​បាន​បាត់​បង់​ផ្ទះ​ ការងារ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រស់​នៅក្នុ​ង​សហគមន៍​របស់​ខ្លួន​។​ ជន​ភៀស​ខ្លួន​អាកាស​ធាតុ​ មិន​គ្រាន់​តែ​ជា​បញ្ហា​សម្រាប់​ប្រទេស​ និង​តំបន់​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​នោះ​ទេ​ ព្រោះ​គ្រោះ​ធម្មជាតិ​គ្មាន​ព្រំដែន​នោះ​ទេ​។

អ្នក​ជំនាញ​ជា​ច្រើន​និយាយ​ថា​ សហគមន៍​អន្តរជាតិ​គួរ​តែ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ និង​ស្វែង​រកទីជម្រក​​សម្រាប់​ជន​ភៀស​ខ្លួន​។ លោក​ Mizutori ​​និយាយ​ថា​៖​ «​បណ្តា​ប្រទេស​នានា​ ចាំ​បាច់​ត្រូវ​សហការ​ក្នុង​ការ​កែ​លម្អ​ការ​ព្យាករណ៍​គ្រោះ​មហន្តរាយ​ ការ​អភិវឌ្ឍ​ន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​រឹង​មាំ​ និង​ផ្តល់​ការ​អប់រំ​ស្តី​ពី​ការ​ការពារ​គ្រោះ​មហន្តរាយ​ជា​ដើម​»​។​​

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner