អនុប្រធានជាន់ខ្ពស់ នៃនាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបានវាយតម្លៃខ្ពស់ការចាត់វិធានការរបស់ រាជរដ្ឋា ភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលជំងឺវីដ.១៩ប្រកបដោយ ជោគជ័យ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត ម៉ៃឃើល មីចាឡាក់( Michael Michalak) អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សា ធុរកិច្ច អាមេរិក-អាស៊ាន ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាននានា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទី បានសម្តែងនូវការ ស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ ព្រមទាំងប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មកកាន់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះដែរ ឯកឧត្តម ម៉ៃឃើល មីចាឡាក់ បានថ្លែងអំណរ គុណជូនចំពោះឯកឧត្តម សក់ សេដ្ឋា ដែលបានជួយគាំទ្រដល់ក្រុម ប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះកម្ពុជាដែលនិងត្រូវធ្វើជាប្រធានអាស៊ានប្តូរវេន។
ជាមួយគ្នានេះដែរ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចាត់វិធាន ការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីក រាលដាល ជំងឺកូវីដ-១៩ ដោយទទួលបានជោគជ័យ និងនាំទៅដល់ការ បើកឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឱ្យមានជំនួប ដោយ ផ្ទាល់នាថ្ងៃនេះ។
ឯកឧត្តម សក់ សេដ្ឋា ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមបានសម្តែង នូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាដើម្បីផ្លាស់ប្តូរ យោបល់គ្នាទៅវិញទៅមក។
ក្នុងនាមសម្តេចក្រឡាហោម និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិតជាមានការពេញចិត្តពេញ ថ្លើមចំពោះកិច្ចពិភាក្សានៅថ្ងៃនេះ ហើយឯកឧត្តមនឹងពាំនាំនូវលទ្ធផល នៃកិច្ចពិភាក្សានៅថ្ងៃនេះ គោរពជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមការពិភាក្សានាឱកាសនេះ៕ដោយ-រ៉ាវុធ