សម្តេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ហ៊ុន ណេង
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្ដាយឥតឧបមា ចំពោះដំណឹងដ៏ក្រៀមក្រំនៃមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ដ្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ដ្រមណ្ឌល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលឯកឧត្តម បានទទួលមរណភាព នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ដោយគាំងបេះដូង។
ឯកឧត្តម ហ៊ុន ណេង គឺជាកុលបុត្រខ្មែរដ៏ឆ្នើម និងជាវីរជន ប្រកបដោយស្មារតី និងឆន្ទៈស្នេហាជាតិដ៏មោះមុតមួយរូប ដែលធ្លាប់បានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារមិន ខ្លាចនឿយហត់ចូលរួម ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
សម្ដេចក្រឡាហោម បានចាត់ទុកថា ចំពោះមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅពុំអាចរកអ្វីប្រៀប ផ្ទឹម បានរបស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការ បាត់បង់ដោយសេចក្តីអាឡោះអាល័យជាទីបំផុត នូវឥស្សរជនជាន់ ខ្ពស់មួយរូប ដែលតែងបម្រើយ៉ាងស្មោះស្ម័គ្រចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានចូលរួមចំណែកបង្កើតសមិទ្ធផល និងស្នាដៃជាច្រើន រួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍ សង្គមជាតិ អស់រយៈពេលជាច្រើនទសវត្សកន្លងមក រហូតដល់ អវសាននៃជីវិតរបស់ឯកឧត្តម។
ស្ថិតក្នុងវេលាដ៏សោកសង្រេង ប្រកបដោយសេចក្តីសង្វេគ ក្រៀមក្រំនេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមចូលរួមរំលែកនូវ មរណទុក្ខជាមួយ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖រ៉ាវុធ