រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឆេក ដែលបានទិញអង្ករពីកម្ពុជា ចំនួនជាង ៧០០០តោនក្នុងឆ្នាំ២០២១

ក្នុងឱកាសទទួលជួបឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅកម្ពុជា និងសហការី នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ រដ្ឋាភិបាលឆេក ដែលបានទិញអង្ករពីកម្ពុជាចំនួនជាង ៧០០០តោនក្នុងឆ្នាំ២០២១ ហើយសង្ឃឹមថា បរិមាណនេះនឹងកើនឡើងនាពេលអនាគត។

ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាគ្នាជាជំហានបឋមក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាពេលអនាគត ដែលក្នុងនោះមាន ៖

១- ការងារបណ្តុះបណ្តាលធនធានមនុស្ស ទាំងរយ:ពេលខ្លី និងពេលវែង ការផ្លាស់ប្តូរមន្រ្តីជំនាញឲ្យទៅធ្វើទស្សន:កិច្ចសិក្សា ដើម្បីដកស្រង់បទពិសោធន៍លើការងារអនុវត្តបច្ចេកទេសផ្ទាល់ ។
២- ការអភិវឌ្ឍវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ។
៣- ការធ្វើទំនើបកម្មកសិកម្ម
៤- ការពង្រឹងសមត្ថភាពលើការកែច្នៃកសិផល ។

បន្ទាប់ពីបានពិភាក្សាគ្នារួចមក ភាគីទាំងពីរបានឯកភាពគ្នារៀបចំឯកសារអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម” រវាងប្រទេសទាំងពីរ បន្ទាប់មកនឹងឈានទៅអនុវត្តលើខ្លឹមសារ MOU នេះឲ្យចេញជាផ្លែផ្កាដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានក្តីសង្ឃឹម និងការជឿជាក់យ៉ាងមុតមាំថា នាពេលអនាគតដ៏ខ្លីកិច្ចសហប្រតិបត្តិការនេះនឹងលេចចេញជារូបរាង និងទទួលបានជោគជ័យ ជាពិសេសគឺភាគីកម្ពុជាផ្ទាល់ដែលកំពុងត្រូវការកសាងធនធានមនុស្សតាមរយ:ការបណ្តុះបណ្តាល ការលើកកម្ពស់គុណភាព និងផលិតភាពផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញ និងជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប ៕ ដោយ៖ ក្រសួងកសិកម្ម

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner