ឯកឧត្តម សំហេង បុរស លើកបង្ហាញពីផែនការអភិវឌ្ឍន៍រយៈពេលខ្លី-វែង សម្រាប់គោលដៅស៊ីហ្គេម ២០២៣ និងក្រោយស៊ីហ្គេម

ភ្នំពេញ៖ ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានលើកបង្ហាញពីផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងរយៈពេលវែង សម្រាប់គោលដៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ក៏ដូចជាផែនការអភិវឌ្ឍក្រោយស៊ីហ្គេម ឆ្នាំ២០២៣។

ថ្លែងនៅក្នុងបទសម្ភាសន៍ ក្នុងសប្តាហ៍នេះ ឯកឧត្តម សំហេង បុរស បញ្ជាក់ថា បច្ចុប្បន្ន សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តកំពុងធ្វើការដោយផ្ទាល់ជាមួយសហព័ន្ធកីឡាអត្តពលកម្មពិភពលោក ដើម្បីស្វែងរកអ្នកជំនាញកម្រិតអន្តរជាតិមកជួយពង្រឹងគុណភាពដល់វិស័យកីឡាអត្តពលកម្មកម្ពុជា រយៈពេលវែង។ សប្តាហ៍នេះ អ្នកជំនាញអត្តពលកម្មពិភពលោកបានមកផ្ទាល់នៅកម្ពុជា ដោយកំពុងពិភាក្សាគ្នាថាតើកម្រិតជំនាញត្រូវបានអ្វីខ្លះ ដើម្បីការអភិវឌ្ឍវិស័យកីឡាអត្តពលកម្មរយៈពេលវែង។ នៅក្នុងកិច្ចពិភាក្សាគ្នាជំហានដំបូងនេះ ដើម្បីរៀបចំផែនការអភិវឌ្ឍរបស់ស្ថាប័នកីឡាជំនាញកីឡាអត្តពលកម្មបាន គឺត្រូវការការរៀបចំគម្រោងការងារ២ទម្រង់ រយៈពេលខ្លី និងរយៈពេលវែង។

«ចំពោះផែនការរយៈពេលវែង គឺយើងត្រូវការរៀបចំការអភិវឌ្ឍច្រើនគ្រប់ជ្រុងជ្រោយ ដោយរាប់បញ្ចូលទាំងការអភិវឌ្ឍផ្នែករដ្ឋបាល អាគារបម្រើការងារ ការផលិតធនធានគ្រូបង្វឹក កីឡាករ កីឡាការិនី បណ្តុះបណ្តាលតាំងពីថ្នាក់រាជធានី-ខេត្ត ការបណ្តុះបណ្តាលការយល់ដឹងរបស់ប្រជាពលរដ្ឋ រួមទាំងការការប្រកួតជាដើម ដូច្នេះវាមានរឿងច្រើន សម្រាប់ជំហាននៃការអភិវឌ្ឍឲ្យឈានដល់កម្រិតខ្ពស់មួយបាន»។ នេះការបញ្ជាក់បន្ថែមរបស់ឯកឧត្តម សំហេង បុរស។

ដើម្បីឲ្យស្ថាប័នមួយអាចបណ្តុះបាននូវធនធានអត្តពលិកឲ្យចូលរួមការប្រកួតប្រជែងកម្រិតខ្ពស់បាន ឯកឧត្តមប្រធានសហព័ន្ធអត្តពលកម្មរូបនេះបានចង្អុលបង្ហាញពីគម្រោងផែនការជាច្រើន ដូចការរៀបរាល់ខាងលើនេះ ដើម្បីពន្លឿនផែនការអភិវឌ្ឍន៍រយៈពេលវែង។ «ក្រោយបញ្ចប់ស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២នេះ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនឹងធ្វើកំណែទម្រង់រចនាសម្ព័ន្ធរបស់ខ្លួន ដោយត្រូវការការរៀបចំបោះឆ្នោតឡើងវិញ នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី»។

នៅក្នុងអាណត្តិនេះ ឯកឧត្តម សំហេង បុរស បានចូលមកដឹកនាំជាប្រធានសហព័ន្ធបន្តពីប្រធានក្នុងអាណ្តត្តិ ឯកឧត្តម អ៊ុក សិទ្ធិជាតិ ហើយគម្រោងមហាសន្និបាត នាពេលខាងមុខនេះនឹងរៀបចំសមាសភាពក្បាលម៉ាស៊ីដឹកនាំថ្មី ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំ ក្នុងការអភិវឌ្ឍវិស័យកីឡាអត្តពលកម្មកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត សម្រាប់គោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

ប្រធានសហព័ន្ធរូបនេះលើកឡើងទៀតថា សម្រាប់ស៊ីហ្គេម នៅវៀតណាមលើកនេះ គឺមានកីឡាករ កីឡាការិនីអត្តពលកម្មចំនួន១៤នាក់ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួត ដោយឯកឧត្តមមានក្តីសង្ឃឹមខ្ពស់ដែរថា ក្រោយការហ្វឹកហាត់ត្រៀមនេះ ពួកគេនឹងដណ្តើមបាននូវលទ្ធផលល្អជាក់ជាមិនខាន។ បើប្រៀបធៀបទៅនឹងសិទ្ធផលអត្តពលកម្ម ក្នុងស៊ីហ្គេម ចាប់ពីស៊ីហ្គេម ២០១៧មកដល់ស៊ីហ្គេម ឆ្នាំ២០២២នេះ គឺក្រុមអត្តពលកម្មកម្ពុជានឹងអាចដណ្តើមបានមេដាយបានខ្លះ ដើម្បីបោះជំហានឆ្ពោះមកប្រជែងមេដាយ ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះជាលើកដំបូង។ក្រៅពីគោលដៅអភិវឌ្ឍសមត្ថភាពអត្តពលិកត្រៀមដណ្តើមមេដាយជូនជាតិ សហព័ន្ធជំនាញនេះក៏កំពុងផលិតធនធានមន្ត្រីអាជ្ញាកណ្តាល ចៅក្រមអត្តពលកម្ម សម្រាប់ស៊ីហ្គេម ២០២៣ ក្រោមការជួយរៀបចំពីសហព័ន្ធកីឡាអត្តពលកម្មអាស៊ីផងដែរ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner