ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសពីកំណត់ត្រាជោគជ័យ ដោយថ្ងៃនេះ គ្មានអ្នកឆ្លងជំងឺកូដ សូម្បីតែម្នាក់

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីកំណត់ត្រាជោគជ័យថ្ងៃនេះ ដោយគ្មានអ្នកឆ្លងជំងឺកូដសូម្បីតែម្នាក់។ នេះបើយោងតាមសារជាសំលេងពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នោល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សង្កត់ធ្ងន់ថា ថ្ងៃទី៧ ខែឧសភា គឺជាកំណត់ត្រាលើកដំបូង នៅក្នុងរយៈពេលជាងមួយឆ្នាំ ដែលកម្ពុជារកមិនឃើញអ្នកឆ្លងជំងឺកូវីដ-១៩នោះទេ។ សម្តេចតេជោ ហ៊ុន សែន បន្តថា នេះគឺជាជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយបើទោះបីជានៅថ្ងៃស្អែកនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ឬ មិនមានក្តី តែយ៉ាងហោចណាស់កម្ពុជាមានមួយថ្ងៃ គឺថ្ងៃទី៧ ខែឧសភានេះ ដែលមិនមានអ្នកឆ្លងជំងឺកូវីដ-១៩នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា រឿងនេះបានកើតឡើង បន្ទាប់ពីការសាកល្បងដ៏ខ្លាំងមួយ នៅក្នុងដំណាក់កាល នៃការបើកឱកាសឱ្យប្រជាជន បានដើរលេងចូលឆ្នាំ ដែលជាការបើកសាកល្បងដ៏ធំធេង ហើយដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ដែលមានអ្នកចូលរួមដើរលេងដ៏ច្រើនកុះករ។

សម្តេចតេជោនាយករដនឋមន្ត្រី មានប្រសាសន៍ថា ខ្ញុំសូមជំរាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ថា ថ្ងៃនេះជាលើកដំបូង ក្នុងរយៈពេលចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើង ពុំមានករណីកូវីដកើតឡើងនោះទេ បានសេចក្តីថា ថ្ងៃនេះយើងពុំមានការឆ្លងសូម្បីមួយករណី គឺសូន្យករណី។

សូមជំរាបថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ តែ ២ នាក់ទេ ខណៈអ្នកជំងឺជាសះស្បើយមាន ៥ នាក់ កាលពីថ្ងៃទី ៦ ខែឧសភា ម្សិលមិញ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner