ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ដើម្បីយល់ដឹងបន្ថែមអំពីសភាការណ៍ទូទៅ និងការងារគណបក្សក្នុងមូលដ្ឋាន

សៀមរាប៖ កាលពីរសៀលថ្ងៃទី៧ខែឧសភាឆ្នាំ២០២២ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្ស និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណ:កម្មាធិការគណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សស្រុក និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុក និងប្រធានយុវជនឃុំទាំង ១០ក្នុងស្រុក ព្រមទាំងបាននាំយកឧបករណ៍បំពងសម្លេងជាច្រើនគ្រឿងដែលចំណាយថវិកាអស់ជាង ៣ពាន់ដុល្លារ និងថវិកាចំនួន ៥០០ដុល្លារផ្សេងទៀត ប្រគល់ជូនផងដែរនៅស្នាក់ការគណបក្សស្រុកក្រឡាញ់ សម្រាប់បម្រើការងារនៅទីនោះ។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានលើកឡើងថា ជ័យជម្នះដ៏ត្រចះត្រចង់របស់កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈបក្សប្រជាជន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បញ្ញាញាណឈ្លាសវៃ និងភាពអង់អាចក្លាហានបានធ្វើឱ្យ សង្គមជាតិមានសុខសន្តិភាពពេញលេញ ស្ថេរភាព នយោបាយ និងការអភិវឌ្ឍជាតិ ។

ឯកឧត្តម បានពន្យល់និងណែនាំផងដែរអំពីចេតនាទុច្ចរិតរបស់គណបក្សនយោបាយផ្សេងៗក្នុងន័យផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយការបោះឆ្នោតគាំទ្រពីប្រជាជនជាច្រើនអាណត្តិដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយដែលពួកគេតែងតែចិញ្ចឹមចិត្តដើរញុសញង់ប្រជាពលរដ្ឋនិងចោទប្រកាន់ថាការបោះឆ្នោតមិនត្រឹមត្រូវ មិនយុត្តិធម៌ជាដើមដើម្បីដណ្តើមប្រជាប្រិយភាពពីប្រជាជននៅតាមមូលដ្ឋាន។

ឯកឧត្តម បន្តថា គណៈបក្សប្រជាជនកម្ពុជា មានរចនាសម្ព័ន្ធគ្រប់គ្រងនិងដឹកនាំច្បាស់លាស់ តាំងពីថ្នាក់មូលដ្ឋានរហូតដល់មជ្ឈឹម ហើយគ្រឺះដ៍រឹងមាំរបស់គណបក្សនេះគឺនៅក្នុងមូលដ្ឋាន ហេតុនេះកត្តាជោគជ័យសម្រាប់ការបោះឆ្នោតក្នុងពេលខាងមុខនិងបណ្តាអាណត្តិក្រោយៗទៀតគឺពឹងលើបងប្អូនសមាជិក សមាជិកា និងក្រុមយុវជននៅតាមមូលដ្ឋានដែលជាឃោសនិកចាំបាច់ត្រូវយល់ឱ្យបានច្បាស់អំពីច្បាប់ និតិវិធីសម្រាប់បំរើឱ្យការបោះឆ្នោតនិងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ផងដែរ។

បើតាមរបាយការណ៍ របស់ លោកស្រី ម៉ននី រង្សី សមាជិកគណៈកម្មាធិការគណបក្សខេត្ដ និងជាប្រធានគណៈកម្មាធិការនៃគណបក្សស្រុកក្រឡាញ់ បង្ហាញថា គណៈកម្មាធិការគណបក្សស្រុកបាន ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត និងគណៈកម្មការត្រួតពិនិត្យយុទ្ធនាការបោះឆ្នោតរបស់គណៈកម្មាធិការនៃគណបក្សស្រុក។ លើមូលដ្ឋាននេះ គណៈកម្មាធិការនៃគណបក្សឃុំ ក្រោមកិច្ចសហការជាមួយក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំ បានរៀបចំផែនការកម្មវិធីការងារសំខាន់ និងគណៈបញ្ជាយុទ្ធនាការបោះឆ្នោតនៅថ្នាក់ ឃុំ ផងដែរ ព្រមជាមួយនឹងការរៀបចំក្រុមចលនាបោះឆ្នោតតាមបណ្តាភូមិចំណុះ ឃុំ ទាំងអស់។ ជាមួយគ្នានេះ ក្រុមការងារចុះមូលដ្ឋានបានកំពុងបន្តធ្វើបច្ចុប្បន្នភាពសមាជិក ក្រុមបក្ស និងបន្តពង្រីកសមាជិកបក្សចំពោះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតតែមិនទាន់បានចូលជាសមាជិកបក្ស ព្រមជាមួយនឹងការសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សយើងពីអតីតៈគណបក្សដទៃថែមទៀតផង។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកក្រឡាញ់ មានការិយាល័យបោះឆ្នោតចំនួន ១១៥ ការិយាល័យ នៅតាមឃុំទាំង ១០ទូទាំងស្រុក ៕ ដោយ៖ ស៊ាន សុផាត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner