អ្នកនាំពាក្យក្រសួងការបរទេស ៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក
ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងនាមជាប្រធានអាស៊ាននឹងដឹកនាំ គណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាសីនតោន សហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី១០ ខែឧសភាស្អែកនេះ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន តបតាមសេចក្តីអញ្ជើញរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិកផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់នៅព្រឹកថ្ងៃទី៩ ខែឧសភានេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាសីនតោន សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៣ ខែឧសភាគឺមិនមានអ្វីប្រែប្រួលទេ។
អាស៊ាន និងសហរដ្ឋអាមេរិកនឹងធ្វើកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមរិក ដែលមានវ័យ៤៥ឆ្នាំមកហើយ។ នេះគឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១សម្រាប់ថ្នាក់ដឹកនាំយើង គិតចាប់តាំងពីឆ្នាំ២០១៧ មក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ។
ក្រសួងការបរទេសបានបន្តថា ថ្នាក់ដឹកនាំអាស៊ាន និងប្រធាននាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកក៏នឹងធ្វើការផ្លាស់ប្តូយោបល់គ្នាផងដែរ អំពីបញ្ហាតំន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។

ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកនឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ហើយនឹងលើកកម្ពស់ភាពជាដៃគូយុទ្ឋសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក។
កិច្ចប្រជុំកំពូលពិសេសនេះ ក៏នឹងបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាព និងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក៏ដូចជាដើម្បីបង្កើនជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។
សូមជម្រាបថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក មុននេះត្រូវបានគ្រោងប្រារព្ធកាលពីថ្ងៃទី២៨-២៩ ខែមីនា ។ប៉ុន្តែឮកិច្ចប្រជុំនេះត្រូវបានលើកពេលដោយសារតែថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ានមួយចំនួនជាប់កិច្ចការសំខាន់នៅក្នុងប្រទេសមិនអាចអញ្ជើញទៅប្រជុំដោយផ្ទាល់នៅសហរដ្ឋអាមេរិកបាន ទើបកិច្ចប្រជុំនេះត្រូវបានលើកពេលមកធ្វើនាពេលនេះ៕ ដោយៈ ពលជ័យ