ប្រមុខអង្គការសហប្រជាជាតិ ស្វាគមន៍ក្រុមប្រឹក្សាសន្តិសុខ ដែលនិយាយដោយសំឡេងតែមួយ ដើម្បីសន្តិភាពនៅអ៊ុយក្រែន
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស កាលពីសប្តាហ៍មុននេះបានស្វាគមន៍សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ ដែលក្នុងនោះក្រុមប្រឹក្សានេះបាននិយាយដោយសំឡេងតែមួយសម្រាប់សន្តិភាពក្នុងប្រទេសអ៊ុយក្រែន។
លោក ហ្គូធឺរែស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ថ្ងៃនេះ ជាលើកទីមួយហើយ ដែលក្រុមប្រឹក្សាសន្តិសុខបាននិយាយជាសំឡេងតែមួយ ដើម្បីសន្តិភាពក្នុងប្រទេសអ៊ុយក្រែន។ ដូចដែលខ្ញុំបាននិយាយជាញឹកញាប់ ពិភពលោកត្រូវតែរួមគ្នាដើម្បីបំបិទកាំភ្លើង និងរក្សាតម្លៃនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោក ហ្គូធឺរែស បន្ថែមថា ខ្ញុំសូមស្វាគមន៍ចំពោះការគាំទ្រនេះ ហើយនឹងបន្តលះបង់ការខិតខំប្រឹងប្រែងដើម្បីសង្គ្រោះជីវិត កាត់បន្ថយទុក្ខលំបាក និងការស្វែងរកមាគ៌ាសន្តិភាព។
ទន្ទឹមគ្នា ក្រុមប្រឹក្សាបានចេញសេចក្តីថ្លែងការណ៍មួយ ដែលបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខនៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខបានរំលឹកថា រដ្ឋជាសមាជិកទាំងអស់បានអនុវត្តក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ កាតព្វកិច្ចក្នុងការដោះស្រាយជម្លោះអន្តរជាតិរបស់ពួកគេដោយមធ្យោបាយសន្តិវិធី។
បន្ថែមលើនេះ ក្រុមប្រឹក្សាសន្តិសុខបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអគ្គលេខាធិការ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


