សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញចូលរួមពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

កំពង់ចាម ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ បានប្រារព្ធធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីសាសនា ដោយមានការនិមន្ត យាង និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ និងឥស្សរជនជាន់ខ្ពស់ជាតិ ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមានការចូលរួមពីកងកម្លំាង អាជ្ញាធរខេត្ត ក្រសួង ស្ថាប័ន មន្រ្តីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងសេចក្តីក្តុកក្តួលរំជួលចិត្ត ក្រៀមក្រំឥតឧបមា។

អ្នកចូលរួមទំាងអស់ មានសេចក្តីក្តុកក្តួលរំជួលចិត្តជាខ្លំាងចំពោះការបាត់បង់ រូបសម្តេចឧត្តមទេពញាណ គឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិកាក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ រៀងរហូតមក។

សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧២ឆ្នាំ ។

សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner