ត្រីមាសទី១ ឆ្នាំ២០២២ កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកើនឡើង ១៦%

ភ្នំពេញ៖ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ មានចំនួន ១៩៨,១៨២កុងតឺន័រ (TEUs) កើនឡើង ១៦.៣២ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ការកើនឡើងនេះជាសញ្ញាឆ្លុះបញ្ចាំងពីការងើបឡើងសន្សឹមៗនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ដែលជំរុញឱ្យកំពង់ផែត្រូវរៀបចំពង្រីកបន្ថែមទៀត ដោយសារតែទំនិញដឹកចេញ-ចូលច្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវពង្រីកបន្ថែមទៀត ដោយសារមានកប៉ាល់ដឹកទំនិញចេញ-ចូលច្រើន ព្រោះសេដ្ឋកិច្ចកម្ពុជាកំពុងតែមានការរីកចម្រើន។ ឯកឧត្តមបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុស្ថិតនៅទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្តានុពលមានអំណោយផលពីធម្មជាតិ សម្រាប់ការកសាងកំពង់ផែសមុទ្រទឹកជ្រៅ មានចម្ងាយជិតនឹងទឹកជ្រៅ ដែលពុំចាំបាច់ចំណាយលើការបូមស្តារជាប្រចាំ។

ក្រៅពីអាជីវកម្មលើកដាក់ និងថែរក្សាទំនិញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានអាជីវកម្មបន្ទាប់បន្សំមួយទៀត គឺតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។ តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ បានដំណើរការតាំងពីឆ្នាំ២០១២ លើផ្ទៃដីទំហំ ៦៤ហិកតា បង្កើតឡើងក្នុងគោលបំណងទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ជាពិសេសបង្កើតការងារធ្វើជូនប្រជាពលរដ្ឋកម្ពុជា និងគាំទ្រអាជីវកម្មកំពង់ផែផងដែរ។

សូមបញ្ជាក់ថា ការលើកឡើងខាងលើនេះរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំយុវជនក្រសួង និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបញ្ជាក់ពីសារៈសំខាន់មួយចំនួនដែលធ្វើឲ្យកុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកើនឡើង គឺកត្តាសុខសន្តិភាព ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលទាក់ទាញទេសចរណ៍រាប់លាននាក់មកលេងកម្ពុជា និងធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ មាននាវាធំៗចូលចត មានឱកាសនាំយកផលិតផល ទៅលក់នៅបរទេស ជំរុញឱ្យពាណិជ្ជកម្មមានការរីកចម្រើន មានការងារធ្វើ មានឱកាសកសាងស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រលានយន្តហោះ និងកំពង់ផែជាដើម៕ ប្រភព៖ Freshnews ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner