ឯកឧត្តម ប៊ូ ជុំសេរី ៖ កីឡាករ កីឡាការិនី បានកសាងនូវមិត្តភាព សាមគ្គីភាពបានយ៉ាងល្អប្រសើរ ដោយមិនបង្ករហិង្សាណាមួយ ក្នុងការប្រកួតថ្នាក់ជាតិនេះ

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ បានប្រារព្ធពិធីបិទជាផ្លូវការយ៉ាងអធិកអធម នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រាជធានីភ្នំពេញ។ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណ:កម្មការរៀបចំការប្រកួត និងការចូលរួមប្រកួតរបស់កីឡាករ កីឡាការិនីទាំង២៥ រាជធានី-ខេត្តប្រកបដោយស្មារតីកីឡា និងឧត្តមគតិកីឡា តាមរយ:ការគោរពបានយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាការប្រកួត និងគោលការណ៍ Fair Play។

បន្ថែមពីលើនេះ ឯកឧត្តម លើកសរសើរពីក្មួយៗជាកីឡាករ កីឡាការិនីបានកសាងនូវមិត្តភាព សាមគ្គីភាពបានយ៉ាងល្អប្រសើរ ដោយមិនបង្ករហិង្សាណាមួយ ក្នុងការប្រកួតថ្នាក់ជាតិនេះ រួមទាំងពេលស្នាក់នៅ ឬក្រៅពីការប្រកួត។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ក្មួយៗទាំងអស់បានយល់ច្បាស់អំពីខ្លឹមសារ និងគោលបំណងនៃការប្រកូតនេះ។ ឯកឧត្តម ប៊ូ ជុំសេរី អះអាងថា ការប្រកួតនេះមិនផ្តោតសំខាន់ខ្លាំងពេកទៅលើគុណភាពសិទ្ធផលកីឡា ដូចកីឡាកម្រិតខ្ពស់នោះទេ ប៉ុន្តែបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺដើម្បីលើកកម្ពស់ដល់វិស័យអប់រំកាយ និងកីឡា ដោយបណ្តុះស្មរតីឲ្យស្រឡាញ់កីឡា ដើម្បីសុខភាព ការអប់រំអំពីបុគ្គលិកលក្ខណ: អត្តចរិតរបស់កុមារា កុមារី ដើម្បីឲ្យក្លាយទៅជាយុវជន និងពលរដ្ឋល្អ សម្រាប់ជាតិ នាថ្ងៃអនាគត ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានអះអាងថា ព្រឹត្តិការណ៍នេះបានប្រារព្ធពិធីបិទការប្រកួតជាផ្លូវកា រដោយជោគជ័យដ៏ធំធេង បន្ទាប់ពីដំណើរការប្រកួតយ៉ាងសកម្មអស់រយ:ពេល៩ថ្ងៃមកនេះ។ លោក បន្ថែមទៀតថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ បានដំណើរការអស់រយៈពេល៩ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ លើ៨ប្រភេទកីឡា ហើយមានការចូលរួមពី ២៥ រាជធានី-ខេត្ត ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ១៦៧៧នាក់ ។

ជាលទ្ធផល ខេត្តប៉ៃលិន ដណ្តើមបានមេដាយមាសច្រើនជាងគេ សរុប១១គ្រឿង មាស៨ និងសំរិទ្ធ៣គ្រឿង រាជធានីភ្នំពេញ លេខ២ មេដាយសរុប១២គ្រឿង មាស៤ ប្រាក់៥ និងសំរិទ្ធ៣គ្រឿង លេខ៣ ខេត្តស្ទឹងត្រែង មេដាយសរុប១៣គ្រឿង មាស៣ ប្រាក់៦ និងសំរិទ្ធ៤ គ្រឿង និងមានខេត្តជាច្រើនទៀតដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធផងដែរ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner