ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដាស់តឿនអត្តពលិកចូលរួមស៊ីហ្គេមត្រូវរក្សាឲ្យបាននូវក្រមសិល៍ធម៌និងវិន័យ

នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអត្តពលិកកីឡាវាយសីជម្រើសជាតិ ដែលកំពុងហ្វឹកហាត់បិទខ្ទប់ក្នុងពហុកីឡដ្ឋាមរតកតេជោ មុនចេញទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាប៉ុន្មានថ្ងៃខាងមុខនេះ។

ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម បានជម្រុញលើកទឹកឲ្យអត្តពលិកដែលកំពុងហ្វឹកហាត់ត្រូវបង្កើនការហ្វឹកឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឈានទៅប្រជែងដណ្តើមបានមេដាយជូនកម្ពុជា ពីការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានលើកទឹកចិត្តឲ្យអត្តពលិកពង្រឹងផ្លូវចិត្ត និងប្រាជ្ញាស្មារតីឲ្យបានរឹងមាំ ដោយគិតតែម្យ៉ាងគឺនាំយកជ័យជំនះមកជូនកម្ពុជា ការតាំងចិត្តបែបនេះ នឹងធ្វើឲ្យអត្តពលិកមិនមានការភ័យខ្លាចក្នុងការប្រកួតប្រជែង ព្រោះថាការប្រកួតប្រជែងវាស្ថិតនៅលើសមត្ថភាព និងបច្ចេកទេសប៉ុណ្ណោះ មិនមានប្រទេសណាខ្លាំងជាងប្រទេសណានោះទេ ពោលជ័យជំនះគឺស្ថិតលើការប្រឹងប្រែង។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានដាស់តឿនដល់អត្តពលិក ដែលត្រៀមខ្លួនទៅចូលរួមស៊ីហ្គេម ត្រូវរក្សានូវក្រមសិល៍ធម៌ វិន័យឲ្យបានត្រឹមត្រូវឲ្យសាកសមជាកីឡាករកម្ពុជា ដើម្បីបន្សល់ទុកនៅកេរ្តិ៍ឈ្មោះជាអត្តពលិកគំរូ នៅក្នុងការប្រកួតអន្តរជាតិ ។ ឯកឧត្តម ស្នើឲ្យអត្តពលិកទាំងអស់ ត្រូវរៀបចំឲ្យបានរួចរាល់នូវលិខិតឆ្លងដែន ថ្នាំសង្កូវផ្សេងៗ និងសម្ភារៈហ្វឹកហាត់ ប្រកួតឲ្យបានរួចរាល់ ។

ឯកឧត្តម លី កុសល ក៏បានទទូចសំណូមពរ ឲ្យអត្តពលិកត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតចំការឆ្លងជំងឺកូវីដ១៩ ដោយរក្សាឲ្យបាននូវអនាម័យឲ្យបានខ្ជាប់ខ្ជួន ត្រូវដាក់អាកុលជាប់ខ្លួន និងពាក់ម៉ាសឲ្យជាប់ជានិច្ចពេលធ្វើដំណើរទៅតាមយន្តហោះ និងទៅដល់កន្លែងប្រកួត ។ បន្ថែមលើសនេះទៀត ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានផ្តែផ្តាំឲ្យអត្តពលិកគ្រប់រូបជៀសឲ្យឆ្ងាញពីសារធាតុប៉ូវកម្លាំងដែលជាការហាមឃាត់មិនឲ្យប្រប្រាស់ក្នុងការប្រកួតកីឡា ។

សូមបញ្ជាក់ថា អត្តពលិកកីឡាវាយសី ដែលត្រូវចូលរួមប្រកួតនៅប្រទេសវៀតណាម ឯកឧត្តម ឧត្តមសេនីយ៍ លី កុសល បានឧបត្ថម្ភម្នាក់ៗ១០០ដុល្លារ និងអត្តពលិកហ្វឹកហាត់ត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ម្នាក់ៗ៥០ដុល្លារ ៕ អត្ថបទ៖ ជាវ ចន្ធូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner