ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រគល់កង់ចំនួន៣៥គ្រឿង ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិកីឡាទូក ដើម្បីមានភាពងាយស្រួល ក្នុងការហ្វឹកហាត់
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានផ្តល់កង់ចំនួន៣៥គ្រឿង ជូនដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិកីឡាទូក ដើម្បីមានភាពងាយស្រួល ក្នុងការធ្វើដំណើរ ទៅកន្លែងហ្វឹកហាត់ ។
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានដឹកនាំចង្អុលបង្ហាញ និងផ្ដល់នូវភាពកក់ក្ដៅធ្វើឱ្យប្រភេទកីឡាទូកមួយនេះ មានការរីកចម្រើនមួយកម្រិតបន្ថែមទៀត ហើយកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីមហាជន ចាប់តាំងពីសហព័ន្ធបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ។
ឯកឧត្តម បន្តថា ដើម្បីជួយសម្រួលដល់ការប្រមូលផ្តុំ នៅក្នុងជំរុំហ្វឹកហាត់ ឯកឧត្តម បានឧបត្ថម្ភកង់ចំនួន ៣៥គ្រឿង ដល់ក្រុមគ្រូ បង្វឹក និងកីឡាករ-កីឡាការិនី ក្នុងនោះគឺប្រគល់ ជូនលើកទី១ ចំនួន ១៣គ្រឿង និងប្រគល់ លើកទី២ នៅ ថ្ងៃ នេះចំនួន ២២គ្រឿងទៀត ដើម្បីឱ្យកីឡាករ-កីឡា ការនី ទាំងអស់ ហ្វឹកហាត់សម្រាប់ ត្រៀម ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានសហព័ន្ធ ក៏បានជម្រាបជូនអំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុង ប្រទេសកម្ពុជា ដែលមានភាពល្អប្រសើរ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ច និងទេសចរណ៍ងើបឡើងវិញព្រមទាំងវិស័យកីឡាផងដែរ។ ឯកឧត្តម បន្ថែមថា នយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ បានធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ពេញលេញ ហើយត្រូវបានមជ្ឈដ្ឋាន អន្តរជាតិ ទទួលស្គាល់ ពីការផ្លាស់ប្ដូរជាវិជ្ជមាន ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ។
និង ទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ប្រកួត កីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ។ ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជូនពរដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិ កីឡាទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេម SEA Games នៅវៀតណាម ឱ្យទទួលបានជោគជ័យទាំង ៕ ចាន់ វិចិត្រ









