ប្រជាពលរដ្ឋសង្កាត់ផ្សារដើមគរ និងសង្កាត់បឹងកក់ទី២ ក្នុងខណ្ឌទួលគោក ទទួលបានការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ

ភ្នំពេញ ៖ កម្មវិធីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសង្កាត់ផ្សារដើមគរ និងសង្កាត់បឹងកក់ទី២ ដែលសហការរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងសុខាភិបាល, លេខាធិការគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម, សមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា (Surgeons for Cambodia-SFC) និងសមាគមចក្ខុខ្មែរ (Khmer Sight Foundation-KSF) និងបានប្រារព្ធធ្វើឡើងក្រោមវត្តមានឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងវត្តនាគវ័ន្ត ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅក្នុងឱកាសនេះ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់កម្ពុជា ដែលមិនអាចខ្វះបាន ដែលតែងតែយកចិត្តដាក់លើការបម្រើប្រជាជន ជាពិសេស លើសុខុមាលភាព និងការគ្រប់គ្រងបានយ៉ាងល្អ នៃការរីករាលដាលនៃជម្ងឺកូវីដ១៩ តាមរយៈវិធានការ ៣កុំ ៣ការពារ របស់សម្ដេចតេជោ និងយុទ្ធនាការស្រោចវ៉ាក់សាំងទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ ក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលកន្លងទៅ និងបានសម្រេចបើកប្រទេសឡើងវិញ ព្រមទាំងបានបិទបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ នាពេលកន្លងទៅនេះ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមគ្រូពេទ្យខ្មែរ-បរទេស ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ជាការបង្ហាញពីទឹកចិត្តដ៏ស្មោះស្ម័គ្រនៃការចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាជនអស់ពីចិត្តពីថ្លើម និងជាកម្មវិធីពិសេសមួយប្រៀបដូចជាការចុះពិនិត្យសុខភាពដល់ផ្ទះជូនប្រជាជនយើងផ្ទាល់តែម្តង ។ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក៏បានចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យខ្មែរ-បរទេសដែលប្រចាំការនៅតាមបន្ទប់ពិនិត្យភ្នែក និងពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋផងដែរ ។

តំណាងសមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា និងសមាគមចក្ខុខ្មែរ បានឱ្យដឹងថា ប្រភេទជំងឺដែលបានទទួលការព្យាបាលរួមមាន៖ ជំងឺក្លន គ្រោះក្នុងថង់ប្រម៉ាត់ វះកាត់កែសម្ជស្ស ភ្នែកឡើងបាយ កន្ទុយថ្លែន ឆែបមាត់ ឆែបក្រអូមមាត់ ផ្សេងៗ។

តំណាងសមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា បានលើកឡើងថា បញ្ហាដែលប្រជាពលរដ្ឋជួប ជាជំងឺទូទៅ ដូចជាបញ្ហាក្អក រាគ ដែលហៅថា រោគបឋម តែបើប្រជាពលរដ្ឋដែលមានបញ្ហាគ្រួសក្នុងថង់ប្រមាត់ ឬបញ្ហាក្លន ដែលចាំបាច់ត្រូវការវះកាត់ នោះយើងនឹងធ្វើការនាំយកទៅធ្វើការវះកាត់នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី ។ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ បរិភោគអាហារឱ្យបានគ្រប់គ្រាន់ ហើយបើមានបញ្ហាសុខភាពតិចតួច សូមឆាប់មកមន្ទីរពេទ្យដើម្បីពិនិត្យ ដោយអាច យើងត្រូវពិនិត្យសុខភាពក្នុងរយៈពេល ៦ខែម្ដង និងគេងឲ្យបានគ្រប់គ្រាន់ជាដើម ។

ចំណែកតំណាងសមាគមចក្ខុខ្មែរ បានលើកឡើងដែរថា គោលដៅធំបំផុតរបស់សមាគមចក្ខុខ្មែរ គឺយើងជួយសង្គ្រោះប្រជាជនឱ្យចេញពីភាពងងឹត អញ្ចឹងទី១ គឺនៅកម្ពុជា ភាគច្រើនមានបញ្ហាភ្នែកឡើងបាយ ដូច្នេះយើងផ្ដោតទៅលើបញ្ហាហ្នឹង ដើម្បីជួយប្រជាជន ហើយយើងអាចនាំគាត់ទៅកាន់គ្លីនិក ដើម្បីព្យាបាល ខណៈដែលការព្យាបាលនៅថ្ងៃនេះ គឺយើងចុះពិនិត្យ រួចស្រង់ឈ្មោះ ហើយបើសិនជាប្រជាពលរដ្ឋមានបញ្ហាភ្នែកឡើងបាយនេះ គឺយើងនឹងនាំយកពួកគាត់ ទៅគ្លីនិក ដើម្បីពិនិត្យម្ដងទៀតថា តើភ្នែកខាងណាឱ្យដែលមានបញ្ហាឱ្យបានច្បាស់ រួចយើងនឹងធ្វើការបកភ្នែកជូន ដោយការពិនិត្យព្យាបាលនៅទីតាំងនាពេលនេះ យើងមិនមានឧបករណ៍គ្រប់គ្រាន់នោះទេ ។

សូមជម្រាបថា នៅក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ ៧០ បានប្រគល់រថយន្តដឹកទំនិញ ១គ្រឿងជូនអង្គភាព អ.ប.ព. ហើយឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានប្រគល់រថយន្តនេះ ជូនទៅសាលាខណ្ឌទួលគោកផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner