លោក ចូ បៃដិន សម្រេចប្រើច្បាប់ក្នុងសម័យសង្គ្រាមលោកលើកទី២ ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងរុស្ស៊ី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងថ្ងៃចន្ទបានចុះហត្ថលេខាលើច្បាប់ជួល-ឱ្យខ្ចីសម្ភារយោធា «Lend-lease Act» ឆ្នាំ២០២២ ឱ្យក្លាយជាច្បាប់ផ្លូវការ ដើម្បីពន្លឿនការបញ្ជូនសម្ភារ និងអាវុធទៅឱ្យអ៊ុយក្រែន ហើយចំណាត់ការនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីទីក្រុងកៀវ។
ការចុះហត្ថលេខាច្បាប់នេះបានកើតមានឡើងក្រោយលោក ពូទីន បានបង្ហាញខ្លួនក្នុងការត្រួតពិនិត្យព្យុហយាត្រាយោធានៅឯលើទីលានក្រហម នៃទីក្រុងម៉ូស្គូ ក្នុងការប្រារព្ធទិវាជ័យជម្នះរបស់អតីតកងទ័ពសូវៀត ប្រឆាំងនឹងកងទ័ពណាហ្ស៊ី អាល្លឺម៉ង់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាពេលដែលលោក ពូទីន អះអាងថា សង្រ្គាមរបស់លោកនៅអ៊ុយក្រែន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើច្បាប់ខាងលើនេះនៅឯសេតវិមាន លោក បៃដិន បានប្តេជ្ញាបន្តផ្តល់អាវុធដល់ប្រជាជនអ៊ុយក្រែន ក្នុងការប្រយុទ្ធរបស់ពួកគេ ដើម្បីការពារប្រទេស និងលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។
លោកបន្ថែមថា លោកផ្ទាល់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់សម្បទាននយោបាយក្នុងសភាជាតិ សំដៅទទួលបានការអនុម័តយ៉ាងឆាប់រហ័សលើសំណើកញ្ចប់ថវិកា ៣៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន។
គួរបញ្ជាក់ថា ច្បាប់ជួល-ឱ្យខ្ចីសម្ភារយោធា «Lend-lease Act» ធ្លាប់ត្រូវបានអាមេរិកយកមកប្រើក្នុងសម័យសង្រ្គាមលោកលើកទី២ ដើម្បីជួយសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប ប្រយុទ្ធប្រឆាំងជាមួយកងទ័ពណាហ្ស៉ីអាល្លឺម៉ង់៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា





