លោក វ្ល៉ាឌីមៀ ពូទីន ប្រាប់អ្នកជំនាញឱ្យធ្វើការលើកិច្ចការទូទាត់អន្តរជាតិ ក្នុងការទិញឧស្ម័នជាមួយសម្ព័ន្ធមិត្ត និងប្រទេសអមិត្ត
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃចន្ទបានបញ្ជាឱ្យបង្កើតក្រុមការងារមួយទទួលបន្ទុកកិច្ចការទូទាត់អន្តរជាតិ ដែលភារកិច្ចរបស់ពួកគេនឹងរួមបញ្ចូលការស្វែងរកលក្ខខណ្ឌសម្រាប់ប្រតិបត្តិការជាមួយរដ្ឋ “មិនរាក់ទាក់” ឬប្រទេសអមិត្ត។
បទបញ្ជារបស់លោក ពូទីន បានបញ្ជាក់ថា ក្រុមការងារនេះនឹងបង្កើតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការទូទាត់អន្តរជាតិ រួមទាំងប្រាក់រូប្លរបស់រុស្ស៊ីជាមួយនឹងដៃគូពាណិជ្ជកម្មមកពីរដ្ឋ និងដែនដីបរទេស ដែលអនុវត្តសកម្មភាពមិនរាក់ទាក់ប្រឆាំងនឹងរុស្ស៊ី។
លោក ពូទីន ធ្លាប់បានបញ្ជាក់កាលពីខែមីនាថា រុស្ស៊ីដែលជាប្រទេសផលិតឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ពិភពលោក នឹងតម្រូវឱ្យប្រទេសដែលខ្លួនយល់ថា ជាអរិភាពក្នុងការទូទាត់ថ្លៃប្រេងឥន្ធនៈជាប្រាក់រូប្ល ដោយបើកគណនីនៅធនាគារ Gazprombank និងការទូទាត់ជាប្រាក់អឺរ៉ូ ឬដុល្លារ ប្តូរទៅជារូបិយប័ណ្ណរុស្ស៊ីវិញ។ ប៉ូឡូញ និងប៊ុលហ្គារី បានបដិសេធមិនធ្វើតាម ហើយក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានកាត់ផ្តាច់ការផ្គត់ផ្គង់ដល់ប្រទេសទាំងពីរកាលពីខែមុន។
ជុំវិញបញ្ហាស្រដៀងគ្នានេះដែរ វិមានក្រឹមឡាំងបាននិយាយថា នឹងកើតឡើងចំពោះប្រទេសផ្សេងទៀតដែលបដិសេធលក្ខខណ្ឌបង់ប្រាក់ថ្មីរបស់ប្រទេសរុស្ស៊ី៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា



