ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំណត់យកថ្ងៃពុធសប្តាហ៍នេះ បើកកិច្ចប្រជុំស្តីពីការបាញ់សាកល្បងមីស៊ីលកូរ៉េខាងជើង
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅក្នុងថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការបាញ់សាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់របស់កូរ៉េខាងជើង។
ប្រភពការទូតរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានស្នើសុំឱ្យមានសម័យប្រជុំបន្ទាន់នេះ ខណៈពេលដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២២នេះ។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិក ដែលបាញ់ចេញពីនាវាមុជទឹកធ្លាក់ចូលដែនសមុទ្រជប៉ុន។
ទន្ទឹមគ្នា សហរដ្ឋអាមេរិកបានថ្កោលទោសការបាញ់សាកល្បងនេះ ហើយថា ជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បន្ថែមលើនេះ សហរដ្ឋអាមេរិកក៏បានព្រាងសេចក្តីសម្រេចថ្មីមួយ ដែលនឹងរឹតបន្តឹងទណ្ឌកម្មលើកូរ៉េខាងជើងផងដែរ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី លីនដា ថូម៉ាស ហ្គ្រីនហ្វៀល បាននិយាយកាលពីដើមខែឧសភាថា កិច្ចពិភាក្សាជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខផ្សេងទៀតកំពុងបន្ត។ លោកស្រីថា វាគឺជាផែនការរបស់យើង ក្នុងការឆ្ពោះទៅមុខជាមួយនឹងដំណោះស្រាយក្នុងកំលុងខែឧសភា ឆ្នាំ២០២២នេះ។
យ៉ាងណាមិញ អ្នកសង្កេតការណ៍បាននិយាយថា ដំណោះស្រាយដែលស្នើឡើងដោយសហរដ្ឋអាមេរិក ទំនងជាមិនត្រូវបានអនុម័តនោះទេ ខណៈដែលចិន និងរុស្ស៊ីកំពុងអំពាវនាវឱ្យបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា



