លោក យូន សុកយ៉ុល ស្បថចូលកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងថ្មីជាផ្លូវការ
សេអ៊ូល៖ លោក យូន សុកយ៉ុល បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង នៅក្នុងពិធីមួយដែលគ្រប់ដណ្តប់ដោយការបាញ់សាកល្បងមីស៊ីលមួយចំនួនពីសំណាក់ប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែររបស់ខ្លួន (កូរ៉េខាងជើង)។
លោក យូន ដែលជាអ្នកអភិរក្សនិយមបានចូលកាន់តំណែងក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ ដោយកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលចំនួន ១៥លើកចាប់តាំងពីខែមករាកន្លងទៅ ក្នុងនោះ មានពីរលើកកាលពីសប្តាហ៍មុន។
អតីតព្រះរាជអាជ្ញាដែលបានឈ្នះការបោះឆ្នោតកាលពីខែមីនាក្នុងកម្រិតតិចតួចបំផុតរូបនេះ ដោយសន្យាថា នឹងដោះស្រាយយ៉ាងម៉ឺងម៉ាត់ជាមួយនឹងការគំរាមកំហែងដែលបង្កឡើងដោយរបបដឹកនាំរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ខណៈពេលដែលប្រទេសទាំងពីរកំពុងចាកចេញពីខ្លោងទ្វារសម្រាប់ការចរចា។
ទោះជាយ៉ាងណា មិនសូវមានគេដឹងអំពីសុន្ទរកថារបស់លោក យូន ក្នុងពិធីស្បថចូលកាន់តំណែងនោះទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មេដឹកនាំកូរ៉េខាងត្បូងថ្មីអាយុ ៦១ឆ្នាំរូបនេះកំពុងសរសេរអត្ថបទដោយខ្លួនឯង ហើយថា គាត់នឹងផ្តោតលើពាក្យគន្លឹះចំនួនបីគឺ សេរីភាព ទីផ្សារ និងយុត្តិធម៌។
គួរបញ្ជាក់ថា អនុប្រធានាធិបតីចិនលោក វ៉ាង ហ្គីសាន , រដ្ឋមន្ត្រីការបរទេសជប៉ុនលោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី និង លោក ដូស អែមហ៊ាស់ ដែលជាស្វាមីរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស ក៏បានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនៅខាងមុខរដ្ឋសភាផងដែរ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា


