វគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងក្របខណ្ឌនៃដែនសមត្ថកិច្ចក្រសួងបរិស្ថាន
ក្រសួងបរិស្ថាន បានបន្តបើកវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីនគរបាលយុត្តិធម៌ មន្រ្តីអនុវត្តច្បាប់ចំនួន ៤៥ នាក់ នៃមន្ទីរបរិស្ថានខេត្តកំពតនិងខេត្តកែប លើគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងក្របខណ្ឌនៃដែនសមត្ថកិច្ចក្រសួងបរិស្ថាន។

វគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរបរិស្ថានខេត្តកំពតក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៃក្រសួងបរិស្ថានដោយ មានការធ្វើបទបង្ហាញពីមន្ត្រីជំនាញពាក់ព័ន្ធនានា។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះមានសារៈ សំខាន់ណាស់ សម្រាប់មន្ត្រីនគរបាលយុត្តិធម៌និងមន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថាន ដើម្បីពង្រឹងសមត្ថភាព ចូលរួមប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងបទល្មើសដើមពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិជាពិសេសបទល្មើសពាក់ព័ន្ធនឹងព្រៃឈើ និងការជួញដូរសត្វព្រៃដោយខុសច្បាប់។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា មន្ត្រីនគរបាលយុត្តិធម៌នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ករណីរកឃើញថាមានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់ក្នុងសំណុំរឿង ដើមទាក់ទងនឹងបទល្មើសធនធានធម្មជាតិ។

វគ្គបណ្តុះបណ្តាលនេះបានផ្តល់ជូនដល់មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថាន នូវលិខិតបទដ្ឋានគតិយុត្ត និងទទួលបានបទពិសោធពីការកសាងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់ ក៏ដូចជានីតិវិធីស៊ើបអង្កេតលើសំណុំរឿង។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា យោងតាមផែនការ មន្ត្រីនគរបាលយុត្តិធម៌និងមន្ត្រីអនុវត្តច្បាប់របស់ក្រសួងបរិស្ថានសរុបជាង ១២០០នាក់នឹងត្រូវទទួលបាន ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានជំរុញឱ្យមន្ត្រីអនុវត្តច្បាប់ត្រូវយកចិត្តទុកដាក់បន្តអនុវត្តច្បាប់ឱ្យបានហ្មឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់និងបង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕









