អត្តពលិកកីឡាកម្ពុជា១២០នាក់ចូលរួមស៊ីហ្គេមនៅវៀតណាមជើងទី២
នៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកម្មបានដឹកនាំ កីឡាករកីឡាការិនីចំនួន៣ប្រភេទកីឡា មន្រ្តីជំនាញCAMSOC មន្រ្តីរដ្ឋបាល់ គ្រូពេទ្យ និង ប្រតិភូសហព័ន្ធកីឡាជាតិមួយចំនួន សរុប១២០នាក់ ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ។
នាយបេសកម្មរូបនេះ បានគូបញ្ជាក់ថា នេះជាការចេញដំណើរជើងទី២ហើយ សម្រាប់ការចេញដំណើររបស់អត្តពលិកកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសវៀតណាម ដោយជើងទៅទី១បានចេញដំណើរកាលពីថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២២។
ឯកឧត្តម លើកឡើងទៀតថា ដំណើរជើងទី២ដែលដឹកនាំដោយលោកផ្ទាល់នៅថ្ងៃទី១០ ខែ ឧសភានេះ មាន៣ប្រភេទកីឡាដូចជា កីឡាវាយកូនគោល ប៉េតង់ និងកីឡាអេឡិចត្រូនិកកម្ពុជា ក្រៅពីនោះ មានប្រតិភូកីឡាជាតិមួយ មន្រ្តីរដ្ឋបាល គ្រូពេទ្យ និង មន្រ្តីជំនាញCAMSOC តាមផ្នែកនីមួយៗទៅចូលរួម ដើម្បីសិក្សាស្វែងយល់ពីការរៀបចំកីឡាស៊ីហ្គេម ទុកជាបទពិសោធន៍រៀបចំនៅកម្ពុជា ឆ្នាំ២០២៣។
នាយបេសកម្មខាងលើ បានពន្យល់ថា ការចូលរួមរបស់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាមនេះ គឺជាយុទ្ធសាស្រ្តមួយសម្រាប់កម្ពុជាស្វែងរកនូវការវិភាគមើលទៅលើលទ្ធផលដែលទទួលបានពីស៊ីហ្គេម ដើម្បីជាការត្រៀមខ្លួនកែលំម្អពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។មួយវិញទៀត ការចូលរួមលើកនេះ កម្ពុជាក៏មានកាតព្វកិច្ច២សំខាន់ផងដែរ គឺកាតព្វកិច្ចទី១ស្វែងរកលទ្ធផលល្អពីស៊ីហ្គេមជូនជាតិមាតុភូមិឲ្យល្អជាងការចូលរួមស៊ីហ្គេមមុនៗ និង កាតព្វកិច្ចទី២ គឺ ការបញ្ជូនមន្រ្តីជំនាញCAMSOC ទៅទស្សនាផ្ទាល់ ដើម្បីដកស្រង់បទពិសោធន៍ និងពិនិត្យផ្ទាល់អំពីការអនុវត្តនៃរបៀបរបបការរៀបចំកីឡាស៊ីហ្គេមនេះ ដើម្បីយកមកអនុវត្តរៀបចំនៅស៊ី ហ្គេម នៅកម្ពុជា ចំណុចណាខ្វះខាតយើងកែតម្រូវ ហើយ ចំណុចណាល្អៗយើងយកជាមេរៀនបទពិសោធន៍សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣។
ដោយឡែកប្រធានប្រតិភិដឹក និងកីឡាករវាយកូនគោលកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា ការចូលរួមស៊ីហ្គេមនៅប្រទេសវៀតណាម និងខិតខំស្វែងរកមេដាយជូនកម្ពុជា ដើម្បីជាការតបស្នងសងគុណដល់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករកីឡាករិនី។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដំណើរការប្រកួតផ្លូវការពីថ្ងៃទី១២ដល់ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៣ សម្រាប់កម្ពុជា បញ្ជូនប្រភេទកីឡាចូលរួមចំនួន៣៣ប្រភេទកីឡា៕អត្ថបទ៖ ជាវ ចន្ធូ





