កម្ពុជាចែករំលែកបទពិសោធន៍ជោគជ័យកម្មវិធីរេដបូកជាមួយឥណ្ឌូនេស៊ី
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានចែករំលែកបទពិសោធន៍ជោគជ័យលើការអនុវត្តកម្មវិធីរេដបូកជាមួយប្រតិភូក្រសួងបរិស្ថាននិងព្រៃឈើឥណ្ឌូណេស៊ី ជាពិសេស លើការការពារ និងអភិរក្សធនធានធម្មជាតិ ដោយថែរក្សាឈើឈរ តាមរយៈឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ជំនួបនៃភាគីទាំងពីរកម្ពុជា និងឥណ្ឌូនេស៊ី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន បានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងនោះ កម្ពុជា ដែលស្ថិតនៅក្នុងចំណោមប្រទេសមួយ កំពុងអនុវត្តកម្មវិធីរេដបូក (REDD+) បានយ៉ាងល្អប្រសើរ និងកម្ពុជាក៏មានព្រៃឈើមួយដ៏ល្អផងដែរ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកឡើងថា កម្ពុជា ទទួលបានជោគជ័យលើការអនុវត្តរេដបូកនេះ ដោយសារកត្តា៣យ៉ាងសំខាន់ៗគឺ ទី១.កម្ពុជា មានសន្តិភាព ទី២.ការតាំងចិត្ត និងប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ពិសេសការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងទី៣. គឺកត្តាដឹកនាំដោយយើងអាចការពារព្រៃឈើបាន និងលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដោយជោគជ័យរហូតមកដល់បច្ចុប្បន្ន។ សម្រាប់ថវិកាទាំងអស់ពីការលក់កាបូននេះ បានយកទៅប្រើប្រាស់សម្រាប់ការពារព្រៃឈើ និងអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន។

ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងបន្ថែមថា រេដបូកមានគោលបំណង (១)ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង(២)ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស ដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។

ទាក់ទិនក្នុងរឿងនេះដែរ លោក Stephan Bognar នាយកអង្គការជីវិតសត្វព្រៃ (Wildlife)ប្រចាំនៅកម្ពុជា បានឱ្យដឹងថា កិច្ចពិភាក្សារវាងភាគីកម្ពុជា-ឥណ្ឌូនេស៊ី ស្តីពីរេដបូក បានធ្វើការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ហើយភាគីឥណ្ឌូណេស៊ី បានស្វែងយល់ពីយន្តការគ្រប់គ្រងកម្មវិធីរេដបូកជាតិរបស់កម្ពុជា ដែលទទួលបានជោគជ័យលើការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនាពេលកន្លងមក។

គួរបញ្ជាក់ថា ចំពោះទីផ្សារកាបូនស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារពីការលក់ឥណទានកាបូនក្នុងគម្រោងចំនួនពីរ (ដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង) ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney និង Shallជាដើម។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest Referral Level) កម្ពុជាអាចផលិតឥណទានកាបូនបានប្រមាណ ១០លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខ័ណ្ឌការទូទាត់ផ្អែកតាមលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង៕ ដោយ៖ម៉ាដេប៉ូ


