កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផលអាជីវកម្មលើសផែនការឆ្នាំ២០២១ ចំនួន ១៣% និងកើនឡើង២០% ធៀបនឹងឆ្នាំ២០២០ ខណៈប្រាក់ចំណេញទទួលបាន ១២លាន ៧០ម៉ឺន ៧ពាន់ ៨៣១ដុល្លារអាមេរិក
ភ្នំពេញ ៖ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផលអាជីវកម្មលើសផែនការឆ្នាំ២០២១ ចំនួន ១៣% និងកើនឡើង ២០% ធៀបនឹងឆ្នាំ២០២០ និងទទួលបានប្រាក់ចំណេញ ១២,៧០៧,៨៣១ដុល្លារអាមេរិក ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានមហាសន្និបាត ក្នុងពិធីបើកមហាសន្និបាតភាគហ៊ុនិក លើកទី៧ នៅទីស្នាក់ការកណ្តាលកំពង់ផែស្វយ័តភ្នំពេញ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម តូច ចាន់កុសល តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម កែន សម្បត្តិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,សមាជិកក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តភ្នំពេញ, តំណាងនិយ័តករមូលបត្រកម្ពុជា, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងលោក លោកស្រី ជាភាគហ៊ុនិករបស់កំពង់ផែស្វយ័តភ្នំពេញ ជាច្រើនរូបទៀត ។
ឯកឧត្តម ហ៊ឺ បាវី មានប្រសាសន៍ថា កំពង់ផែស្វយ័តភ្នំពេញ ជាសហគ្រាសសាធារណៈ ដែលមានភារកិច្ចធ្វើអាជីវកម្ម-សេវាកម្មផែ ហើយដែលមានការទទួលស្គាល់ និងតែងតែឈានមុខគេជានិច្ច ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ តាមរយៈការផ្តល់សេវាប្រកបដោយគុណភាពរហ័ស និងតម្លៃប្រកួតប្រជែង និងតាមរយៈការពង្រីក និងបង្ខិតសេវារបស់ខ្លួនទៅជិតអ្នកប្រើប្រាស់។ ជាក់ស្តែង កាលពីដើមឆ្នាំ២០២២ ដោយមានការអនុញ្ញាតពីក្រសួងអាណាព្យាបាលទាំង២ កំពង់ផែស្វយ័តភ្នំពេញ បាននិងកំពុងសាងសង់ និងបំពាក់គ្រឿងចក្រនៅចំណតផែរបស់ខ្លួនបន្ថែមចំនួន ២ទៀត គឺ ១-ចំណតផែរណបពហុបំណង TS១១ ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលនឹងមានសមត្ថភាពផ្ទុកបានចាប់ពី 60000TEUs ទៅ 90000TEUs ក្នុង១ឆ្នាំ និង ២-ចំណតផែរណបពហុបំណងទន្លេបិទ UM២ ស្ថិតនៅភូមិដូនម៉ៅលើ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាពផ្ទុកបានចំនួន 40000 TEUs ក្នុង ១ឆ្នាំ ។
ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានបន្តថា សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផលអាជីវកម្ម ដោយទទួលបាននូវបរិមាណ កុងតឺន័រចំនួន ៣៤ម៉ឺន៨ពាន៨៩៨TEUs លើសផែនការឆ្នាំ២០២១ ចំនួន ១៣% និងកើនឡើងចំនួន ២០%ធៀបនឹងការអនុវត្តឆ្នាំ២០២០។ ចំណែកឯលទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ១២លាន៧០ម៉ឺន ៧ពាន់៨៣១ដុល្លារអាមេរិក ដែលអនុវត្តបានលើសផែនការឆ្នាំ២០២១ ចំនួន ១៥% និងកើនឡើងចំនួន ២៩% ធៀបនឹងការអនុវត្តឆ្នាំ២០២០។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានមកនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀតសម្រាប់អនុវត្តឆ្នាំ២០២២ ក្នុងនោះរួមមាន៖ គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី២ (២០២២-២០២៣) ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រឱ្យបានដល់ចំនួន ៥០ម៉ឺនTEU/ឆ្នាំ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេ នៅតាមទីតាំងមួយចំនួនទៀត រួមមាន៖ ចំណតផែរណបពហុបំណងកោះរកា (LM២៦), ចំណតផរណបពហុបំណង TS១១, ចំណតផែរណបពហុបំណងព្រែកអញ្ចាញ (UM១), ចំណតផែរណបពហុបំណងទន្លេបិទ (UM២), ចំណតផែរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម ដើម្បីបង្ខិតសេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ ឱ្យកាន់តែកៀកអតិថិជន ។
ឯកឧត្តម ហ៊ឺ បាវី បានបន្ថែមថា គិតមកដល់ពេលនេះ ការចូលផ្សារមូលបត្រកម្ពុជា របស់កំពង់ផែស្វយ័តភ្នំពេញ មានរយៈពេល ៧ឆ្នាំហើយ។ ឯកឧត្តមក៏បានសម្ដែងមោទនភាពចំពោះស្នាដៃ និងលទ្ធផល ដែលសម្រេចបាននេះ។ ទោះជាយ៉ាងណា ឯកឧត្តម ថា យើងនៅមានការទទួលខុសត្រូវច្រើនបន្តទៀត ដែលក្នុងនោះ ត្រូវបន្តអនុវត្តផែនការសកម្មភាពអភិវឌ្ឍកំពង់ផែ តាមរយៈការពង្រឹងការគ្រប់គ្រងអង្គភាព ការពង្រឹងធនធាន មនុស្ស និងការពង្រឹងប្រតិបត្តិការអាជីវកម្ម/សេវាកម្ម ៕ ដោយ វណ្ណលុក




