អ្នកចម្រៀងកម្ពុជាបួនរូប យកបទចម្រៀងថ្មីពីរបទទៅបង្ហាញអន្តរជាតិនៅប្រទេសកូរ៉េ
សៀមរាប៖ ក្រុមអ្នកចំរៀង៤រូប ដែលមានឈ្មោះថា «ប្រាឌ័រ» ដឹកនាំដោយអ្នកចម្រៀង លោក សាន ផានិត បានយកបទចំរៀងពីរបទទាក់ទងនឹងវប្បធម៌ អរិយធម៌ និងប្រាង្គប្រាសាទបុរាណនៃប្រទេសកម្ពុជា ទៅបង្ហាញដល់អន្ដរជាតិក្នុងពិធីបុណ្យមួយនៅប្រទេសកូរ៉េ ដើម្បីបង្ហាញពីអរិយធម៌វប្បធម៌ និងអច្ឆរិយៈរបស់ប្រទេសកម្ពុជា លើឆាកអន្ដរជាតិ
លោក សាន ផានិត បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្ដរជាតិខេត្ដសៀមរាប កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះថា បទចម្រៀង២បទនេះ ទី១)មានចំណងជើងថា កម្ពុជាដែនដីសុវណ្ណភូមិ និងបទទី២)មាតុភូមិខ្ញុំ។ បទទាំងពីរនេះមានអត្ថន័យ និងខ្លឹមសារបង្ហាញពីសក្ដានុពលទេសចរណ៍ប្រទេសកម្ពុជា ដែលសំបូរទៅដោយសម្បត្ដិធម្មជាតិ ប្រាង្គប្រាសាទបុរាណ និងវប្បធម៌ អរិយធម៌ដ៏ផូផង់របស់កម្ពុជានាពេលបច្ចុប្បន្ននេះ។ បទចម្រៀងទាំងពីរនេះនិពន្ធដោយលោក ឯល ប៊ុណ្ណា ហើយនឹងច្រៀងរួមគ្នាពីរនាក់ មានលោក សាន ផានិត និងណាំ ប៊ុណ្ណារ័ត្ន លោក វីឆវ័ន្ដ លោក លី យាំង នៅក្នុងពិធីបុណ្យអារីរ៉ាំងនៃប្រទេសកូរ៉េ ក្នុងទីក្រុងប៊ូសាន ដែលមានបណ្ដាប្រទេសជាង១០ប្រទេសចូលនៅក្នុងកម្មវិធីនោះ។
ជាមួយគ្នានោះ ចម្រៀងពីរ២បទនេះ កម្ពុជាក៏ចង់បង្ហាញពីឧបករណ៍ភ្លេងបុរាណខ្មែរដល់អន្ដរជាតិ ឲ្យបានស្គាល់ផងដែរ ដើម្បីលើកស្ទួយពីអរិយធម៌ និងកេរដំណែលរបស់ជាតិខ្មែរ ដល់ឆាកអន្ដរជាតិព្រោះឧបករណ៍ប្រគុំចម្រៀងជាវប្បធម៌ខ្មែរបានបន្សល់ទុកពីដូនតា។ លោកបានអំពាវដល់ពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេសចូលរួមលើកទឹកចិត្ដដល់អ្នកចម្រៀងខ្មែរដែលយកបទចម្រៀងដែលមានអត្ថន័យពីទឹកដីសុវណ្ណភូមិរបស់កម្ពុជាយើង ទៅប្រគួតប្រជែងឲ្យអន្ដរជាតិស្គាល់ពីទឹកដីអច្ឆរិយៈរបស់ខ្មែរតាំងពីអតីតកាល។
លោក លី យាំង ជាក្រុមអ្នកធ្វើបទភ្លេងនោះដែរ បានឲ្យដឹងថា ការយកបទចម្រៀងទាក់ទងទៅនឹងសក្ដានុពលទឹកដីសុវណ្ណភូមិកម្ពុជានេះ មានការអញ្ជើញពីមន្ទីរវប្បធម៌របស់ប្រទេសកូរ៉េ និងសមាគមខ្មែរនៅប្រទេសកូរ៉េ ដោយចូលរួមក្នុងវេទិការនោះមានរយៈពេល២ថ្ងៃ។ លោកបានបន្ដថា ការអញ្ជើញអ្នកចម្រៀងខ្មែរឲ្យច្រៀងនៅពេលបើកឆាកក្នុងពិធីបុណ្យអារីរ៉ាំងនេះ ដោយសារប្រទេសកូរ៉េមើលឃើញពី សមត្ថភាពកូនខ្មែរបានផលិតបទចម្រៀងរបស់ខ្មែរបង្កប់ខ្លឹមសារ និងអត្ថន័យទាក់ទងទៅនឹងវប្បធម៌ជាតិខ្មែរតាំងពីបុរាណកាលមកបានល្អប្រសើរ។ លោកថា ការឲ្យចូលរួមកម្មវិធីនៅប្រទេសកូរ៉េខាងត្បូងជាមួយអ្នកចម្រៀងខ្មែរនេះ ក៏បង្ហាញពីទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាកូរ៉េបានកាន់តែរឹងមាំ។
បើតាមលោកសាន ផានិត បានឲ្យដឹងថា ការយកបទចម្រៀង មាតុភូមិខ្ញុំ និងដែនដីសុវណ្ណភូមិ លើឆាកអន្ដរជាតិនៃកម្មវិធីបុណ្យអារីរ៉ាំ ប្រទេសកូរ៉េ នៅក្នុងរដ្ឋប៊ូសាន នៅពេលចាប់ផ្ដើមបើកឆាកដំបូង ក្នុងកម្មវិធីដដែលនេះ។ ក្រៅពីនោះ ក៏មានបទចម្រៀងល្បីៗជាច្រើនទៀតបង្ហាញដល់អន្ដរជាតិ និងពលករដែលកំពុងរស់នៅប្រទេសកូរ៉េផងដែរ៕ម.ន ដោយៈ ស៊ាន សុផាត