រដ្ឋបាលរាជធានីភ្នំពេញ សន្យាដោះស្រាយតម្រូវការចាំបាច់ជាច្រើនជូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌឬស្សីកែវ
អាជ្ញាធររាជធានីភ្នំពេញ បានបង្ហាញផែនការពន្លឿនការដោះស្រាយតម្រូវការចាំបាច់នានា របស់ប្រជាពលរដ្ឋ ដូចជា៖ ការជួសជុសជង្ហុកសំបុកមាន់ ស្តាប្រព័ន្ធប្រឡាយលូ ដាក់ភ្លើងបំភ្លើង ផ្លូវសាធារណៈ បញ្ហាក្មេងទំនើង សំរាម ចោរកម្ម និងល្បែងស៊ីសងនៅមូលដ្ឋាន រួមទំាងការបង្ខិតសេវារដ្ឋបាលសាធារណៈឲ្យកាន់តែនៅកៀកជិតប្រជាពលរដ្ឋ។
ថ្លែងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា អាជ្ញាធរនឹងពន្លឿនការដោះស្រាយបញ្ហា ទាំងនេះជាបន្ទាន់នៅពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងសំណើនិងសំណូមពរ ដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ។ លោកបានបញ្ជាក់ថា ចំពោះបញ្ហាណាដែលធំៗពាក់ព័ន្ធជាមួយនឹងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីពន្លឿនការដោះស្រាយជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។
លោក សុខ ភី ប្រជាពលរដ្ឋរស់នៅសង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចាត់ទុកថា ការដោះស្រាយរាល់សំណើ និងកង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងជា បន្ទាន់នេះ គឺជាយន្តការដ៏ល្អរបស់អាជ្ញាធរ ដែលបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកើតមានឡើងនៅតាមមូលដ្ឋាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា វេទិកាសាធារណៈ ដែលរៀបចំដោយអាជ្ញារាជធានីភ្នំពេញនេះ ពិតជាមានសារសំខាន់ណាស់ដែលបានដឹងពី ព័ត៌មាន និងតម្រូវការថ្មីៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរចាត់វិធានការដោះស្រាយឲ្យចំទិសដៅជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា វេទិកាសាធារណៈនេះ នឹងបន្តរៀបចំនៅតាមបណ្តាខណ្ឌដទៃទៀតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទ័យគ្នាទៅវិញទៅមក ជាមួយរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងផ្តល់ប្រឹក្សាអាទិភាពនៃការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយចីរភាព តម្លាភាព និងប្រសិទ្ធភាព។
សូមបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយបល់ នៅខណ្ឌឬស្សីកែវនាថ្ងៃទី២៤ ខែតុលានេះ មានអ្នកចូលរួមប្រមាណជាង៥៤០នាក់ ក្នុងនោះអ្នកលើកជាសំណើ និងសំណួរផ្ទាល់មាត់ មានចំនួន១៣នាក់ និងជាលាយលក្ខណ៍អក្សរមានចំនួនជាង៩០នាក់៕ម.ន