ទេសរដ្ឋមន្រ្តី អៀង មូលី ថ្លែងបើកវេទិកាជជែកពិភាក្សាលើកកម្ពស់ក្មេងស្រី និងយុវវ័យ ជានារី ដើម្បីអនាគតភ្លឺស្វាង

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី ថ្លែងបើកវេទិកាជជែកពិភាក្សាលើកកម្ពស់ក្មេងស្រី យុជនជានារី ដើម្បីអនាគតភ្លឺស្វាងនារសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។

វេទិកាជជែកពិភាក្សាលើកកម្ពស់ក្មេងស្រី និងយុវជន ជានារី ដើម្បីអនាគតភ្លឺស្វាង ត្រូវបានរៀបចំឡើងក្រោម កិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងកិច្ចការនារី ក្រសួង អប់រំ យុវជន និងកីឡា ដោយមានការឧបត្ថម្ភ ដោយអង្គការ AHF (AIDS Healthcare Foundation)។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ទៅកាន់អង្គពីធីបានជ្រាបថា ភាពងាយរងគ្រោះរបស់ក្មេងស្រី និងយុវវ័យជានារី ក្នុងការឆ្លងមេរោគអេដស៍ ជាបញ្ហាចម្បងមួយក្នុងស្ថានភាពដែលយើង បាននឹងកំពុងជួប និងត្រូវរួបរួមគ្នាដោះស្រាយ។

យោងតាមលទ្ធផលនៃការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០១៤បាន បង្ហាញថា៖
១)ស្រ្តី និងក្មេងស្រី ដែលមានអាយុ១៥ឆ្នាំឡើងទៅដែលធ្លាប់ទទួលរងនូវអំពើហិង្សាលើរាងកាយ ផ្លូវភេទ ឬ ផ្លូវចិត្ត ពីដៃគូបច្ចុប្បន្ន ឬ អតីតក្នុងរយៈពេល១២ខែចុងក្រោយមាន ៣០,៨%។
២)ស្រ្តី និងក្មេងស្រី ដែលមានអាយុ១៥ឆ្នាំឡើងទៅដែលធ្លាប់ទទួលរងនូវអំពើហិង្សា លើរាងកាយពីដៃគូបច្ចុប្បន្ន ឬអតីតក្នុងរយៈពេល១២ខែចុងក្រោយ មាន១៧,៩%។
៣)ស្រ្តី និងក្មេងស្រី ដែលមានអាយុ១៥ឆ្នាំឡើងទៅដែលធ្លាប់ទទួលរងនូវអំពើហិង្សា ផ្លូវចិត្តពីដៃគូបច្ចុប្បន្ន ឬអតីតក្នុងរយៈពេល១២ខែចុងក្រោយមាន២៤,៨%។
៤)ស្រ្តី និងក្មេងស្រី ដែលមានអាយុ១៥ឆ្នាំឡើងទៅដែលធ្លាប់ទទួលរងនូវអំពើហិង្សាផ្លូវភេទ ពីដៃគូបច្ចុប្បន្ន ឬអតីតក្នុងរយៈពេល១២ខែចុងក្រោយ មាន៥,៥%។

លើសពីនេះទៀត យើងមិនដឹងថា ក្នុងចំណោមអ្នកដែលបាត់បង់ជីវិតប្រមាណ១០០,០០០នាក់ ដោយសារជំងឺអេដស៍ ចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ និងក្នុងចំណោមប្រជាជនប្រមាណ៧៣,០០០ ដែលកំពុងតែរស់នៅជាមួយមេរោគអេដស៍នោះ មានយុវនារីប៉ុន្មាននាក់ទទួលរងនូវអំពើហិង្សាលើរាងកាយ ផ្លូវភេទ ឬ ផ្លូវចិត្តពីដៃគូបច្ចុប្បន្ន ឬ អតីតដៃគូនោះដែរទេ។ ក្រៅពីសម្ពាធដោយផ្ទាល់ នៅមានសម្ពាធដោយប្រយោលដែលធ្វើឱ្យក្មេងស្រី និងស្រ្តីមានការប្រឈមនឹងមេរោគអេដស៍។ ឧទាហរណ៍ បច្ចុប្បន្ននេះមានស្រ្តីប្រមាណជាង៣ម៉ឺននាក់ ដែលកំពុងធ្វើការនៅក្នុងគ្រឹះស្ថានកម្សាន្តសប្បាយដែលអត្រាផ្ទុកមេរោគអេដស៍ មាន២,៣%ក្នុងឆ្នាំ២០១៦។ ប៉ុន្តែ ស្រ្តីឯករាជ្យមាន អត្រាផ្ទុកមេរកអេដស៍រហូតដល់១១,៨៥%។ កម្រិតប្រើប្រាស់ស្រោមអនាម័យ ជាមួយភ្ញៀវមាន ៨៦% ប៉ុន្តែជាមួយដៃគូទៀង ទាត់មានត្រឹមតែ២៧%ប៉ុណ្ណោះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍រំលឹកថា ភាពងាយរងគ្រោះរបស់ក្មេងស្រី និងយុវវ័យជានារីទូទៅក្នុងយុគសម័យបច្ចេកវិទ្យា និងបណ្តាញទំនាក់ទំនងសង្គមទូលំទូលាយ ក៏ដូចជា ក្រុមស្រ្តីងាយរងគ្រោះ គឺជាអ្វីដែលសាម៉ីខ្លួនជាយុវជន អាណាព្យាបាល ក្រុមគ្រួសារ ស្ថាប័ន គ្រឹស្ថាន អប់រំ វិស័យឯកជន អាជ្ញាធរមានសមត្ថកិច្ច និងសង្គមស៊ីវិល ត្រូវចូលរួមចំណែកបន្ថែមទៀត បង្ការ និងដោះស្រាយភាពប្រឈមរបស់ក្មេងស្រី និងយុវវ័យជានារី ខណៈដែលយើងទាំងអស់គ្នាប្តេជ្ញាចិត្ត ចូលរួមសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការឈានឆ្ពោះទៅរក ការបញ្ចប់ការចម្លងមេរោគអេដស៍ ត្រឹមឆ្នាំ២០២៥។

ក្នុងវេទិកានេះ ឯកឧត្តម បានស្នើសុំចែករំលែកព័ត៌មាន មានការយល់ដឹងអំពីបញ្ហាកាន់តែទូលំទូលាយ តែប្រកាន់ខ្ជាប់ការគោរពសិទ្ធបុគ្គល សិទ្ធិស្រ្តី ឧទាហរណ៍ ដូចជារូបថត អត្តសញ្ញាណបុគ្គល ដែលមានការប៉ះពាល់បូរណភាពរាងកាយស្រ្តី និងសេចក្តីថ្លៃថ្នូរបស់មនុស្ស ជាពិសេសជនរងគ្រោះជាអនីតិជន។ តាមរយៈបទពិសោធន៍ អំពីបញ្ហាទាំងឡាយដែលពួកគេបានជួបប្រទះ យើងនឹងមានគំនិត យោបល់កាន់តែ សមស្របឆ្លើយតបទៅនឹងបញ្ហាពាក់ព័ន្ធទាំងនេះ ហើយកៀរគរឲ្យមានការចូលរួមផ្តល់យោបល់ ស្វែករកដំណោះស្រាយសមស្រប មានប្រសិទ្ធភាពបន្ថែមទៀត ដែលអាចជួយឲ្យក្មួយក្មេងស្រីៗ និងយុវវ័យជានារី យល់ដឹង ស្គាល់បញ្ហាដែលវ័យរបស់ខ្លួនបានជួបប្រទះ និងមានសមត្ថភាពការពារខ្លួន ឬ រកជំនួយដើម្បីការពារខ្លួន ក៏ដូចជាលើកស្ទួយសមត្ថភាព បង្កើនចំណេះដឹងទូទៅ លើកកម្ពស់បំណិនជីវិតផ្ទាល់ខ្លួន ដើម្បីកុំឲ្យក្មេងស្រី និងក្មួយៗយុវវ័យជានារី ប្រឈមមុខ នឹងការបំពានរាងកាយ ផ្លូវភេទ និងការពារខ្លួនពី ការចម្លងមេរោគអេដស៍៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner