រដ្ឋបាលខណ្ឌឫស្សីកែវ សោកស្ដាយចំពោះប្រធានគណបក្សពន្លឺថ្មី ដែលផ្ដល់ព័ត៌មាន ពុំមានតុល្យភាព ទៅអ្នកសារព័ត៌មាន

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយមានការសោកស្ដាយចំពោះលោក នួន សុខាវី ប្រធានគណបក្សពន្លឺថ្មី និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលបានផ្ដល់ព័ត៌មានទៅអ្នកសារព័ត៌មាន ពុំបានសហការជាមួយរដ្ឋបាលខណ្ឌ ក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងឯកសារពាក់ព័ន្ធ ដើម្បីឲ្យព័ត៌មានមានតុល្យភាព។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌឫស្សីកែវនេះ នឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គល ដែលរឹងរូសមិនអនុវត្តន៍តាមសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងបុគ្គល ដែលប្រឆាំងនឹងការអនុវត្តវិធានការរបស់រាជការសាធារណៈទៅសមត្ថកិច្ចពាក់ព័ន្ធ និងស្ថាប័នតុលាការ។

លើសពីនេះ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា គណៈបញ្ជាការឯកភាពខណ្ឌ បានអនុវត្តន៍វិធានការរដ្ឋបាលចំពោះការកាន់កាប់ដីឡូតិ៍ខុសច្បាប់របស់ឈ្មោះ ព្រំ បូរ ដែលលើសពីការសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នោះពុំមានការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋណាម្នាក់នោះទេ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ដ្ឋបាលខណ្ឌឫស្សីកែវដដែលនេះដែរ សូមបញ្ជាក់ជូនផងដែរថាឈ្មោះ ព្រំ បូរ បានទទួលដីឡូតិ៍ ចំនួន៤ឡូតិ៍ដែលមានឡូតិ៍លេខ៩ ឡូតិ៍លេខ១១ ឡូតិ៍លេខ១៣ ផ្លូវលេខ១៧១៩ (ផ្លូវ៥៩៨) និងឡូតិ៍លេខ១០ របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ប៉ុន្តែឈ្មោះ ព្រំ បូរ មិនព្រមអនុវត្តន៍ទៅតាមសេចក្ដីសម្រេចនេះទេ ដោយបន្តកាន់កាប់ទីតាំងដីផ្សេងទៀតខុសច្បាប់រំលោភលើសិទ្ធិអ្នកដទៃ ដែលទទួលបានសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់ដីតាមសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ ដើម្បីធានាបាននូវសិទ្ធិស្របច្បាប់របស់អ្នកដទៃ រដ្ឋបាលខណ្ឌ សម្រេចអនុវត្តន៍វិធានការរដ្ឋបាល ដើម្បីយកដីដែលឈ្មោះ ព្រំ បូរ កាន់កាប់ខុសច្បាប់នេះទៅប្រគល់ជូនប្រជាពលរដ្ឋដទៃទៀត ដែលមានសិទ្ធិស្របច្បាប់។

ជុំវិញបញ្ហាខាងលើនេះ រដ្ឋបាលខណ្ឌឫស្សីកែវ រីករាយរង់ចាំផ្ដល់កិច្ចសហការដល់គ្រប់ផ្នែក គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្ដល់ព័ត៌មាន និងឯកសារពាក់ព័ន្ធគ្រប់ពេលវេលានៃម៉ោងធ្វើការ បន្ទាប់ពីរដ្ឋបាលខណ្ឌ មានការសោកស្ដាយចំពោះលោក នួន សុខាវី ប្រធានគណបក្សពន្លឺថ្មី និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានផ្ដល់ព័ត៌មានទៅអ្នកសារព័ត៌មាន ដោយពុំបានសហការជាមួយរដ្ឋបាលខណ្ឌ ក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងឯកសារពាក់ព័ន្ធ ដើម្បីឲ្យព័ត៌មានមានតុល្យភាព៕ម.ន ដោយៈ ហាស់ កំសាន្ដ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner