អភិបាលរងខណ្ឌច្បារអំពៅ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុងគ្មានសរសៃដែកនៅសង្កាត់ព្រែកឯង
ភ្នំពេញ៖ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ តំណាងឲ្យលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុងគ្មានសរសៃដែកនៅភូមិតាព្រហ្ម ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានប្រវែង៦០៧ម៉ែត្រ ទទឹង៥ម៉ែត្រ និង ប្រវែង២២២ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ។
ក្នុងកម្មពិធីនេះដែរមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ លោកចៅសង្កាត់ និង បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានថ្លែងថា នៅថ្ងៃនេះលោកមានការរីករាយក្រៃលែងចំពោះគណៈអភិបាលខណ្ឌ ព្រមទាំងចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងប្រជាពលរដ្ឋរបស់យើងដែលថ្ងៃនេះ យើងទទួលបាននូវសមិទ្ធផលថ្មីមួយទៀត ដែលឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើងបានប្រើប្រាស់ជាប្រយោជន៍ សាធារណៈដែលជាផ្លូវបេតុងក្នុងការបើកកាដ្ឋាននៅព្រឹកនេះ។
លោក អះអាងថា នៅសង្កាត់ព្រែកឯងមិនមែនមានតែផ្លូវមួយខ្សែនេះទេ គឺយើងបានស្ថាបនាផ្លូវជាច្រើនខ្សែហើយយើងបានទទួលសមិទ្ធផលដូចជានៅភូមិចុងព្រែក១ បានទទួលសមិទ្ធផលពីសាលារាជធានីភ្នំពេញជូនចំនួន៤ខ្សែ ហើយកំពុងតែស្ថាបនា យើងគិតថាការអភិវឌ្ឍមូលដ្ឋានរបស់យើងធ្វើទៅតាមថវិកាមូលនិធិរបស់សង្កាត់ និងថវិកាខណ្ឌ ព្រមទាំងការផ្តល់នូវសមិទ្ធផលដែលជាថវិការបស់សាលារាជធានីភ្នំពេញ ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមសង្កាត់ទាំង៨ របស់យើង មាន៤៩ភូមិ ក្នុងនោះដែរមានភូមិតាព្រហ្ម របស់យើងបានទទួលបានសមិទ្ធផលនេះ។
លោកអភិបាលរង ណុប ផា បានបន្ថែមថា យើងធ្វើជាប្រចាំ ធ្វើដើម្បីប្រជាពលរដ្ឋរបស់យើង និងចុងក្រោយលោក សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នាំគ្នាជួយថែរក្សានូវសមិទ្ធផលដែលយើងទទួលបានផង ៕ធ.ដ