សំណុំរឿងស្ត្រីខ្មែរ៣៣នាក់ពរពោះជំនួស តុលាការបញ្ឈប់សវនាការ ដោយសារជនជាប់ចោទ៣នាក់អត់មានមេធាវី

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោកស្រី ស៊ លីនណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤តុលា ឆ្នាំ២០១៩នេះ បានបើកសវនាការលើសំណុំរឿង ចាក់មេជីវិតចូលទៅក្នុងផ្ទៃស្ត្រីខ្មែរដើម្បីឲ្យពរពោះជំនួសជនជាតិចិន ដែលចង់បានកូន ។

លោកស្រី កែវ សុគន្ធា តំណាងអយ្យការសវនាការ បានប្តឹងចោទប្រកាន់៖
ទី១ឈ្មោះ Liu Qiang ភេទប្រុសជនជាតិចិន ជាមេការ ។ ទី២ ឈ្មោះ ស្វាយ ស៊ីណុច ហៅ សី ភេទស្រី ជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ជាមេការ ។ ទី៣ឈ្មោះ នឿន សិលា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរជាមេការ។ ទី៤ ឈ្មោះ លឹម សុភាព ហៅ ស្ដើង ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នកបកប្រែ ។ ទី៥ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ ជាមេការ និងជនជាប់ចោទក្រៅឃុំ២នាក់ មានឈ្មោះ ញ៉ន ស្រីមឿន អាយុ២៦ឆ្នាំ និងឈ្មោះ សិទ្ធ ស្រីមុំ ងាយុ៣៣ឆ្នាំ ពីបទ
អំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមមាត្រា១៦នៃច្បាប់ស្ដីពីការបង្ក្រាបការជួញ ដូរមនុស្ស និងការធ្វើអាជីវកម្មលើផ្លូវ ភេទ និង បទអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពរពោះជំនួស មាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ ។

ក្នុងនៅពេលតុលាការចាប់ផ្ដើមសវនាការ ក្នុងចំណោមជនជាប់ចោទទាំងអស់គឺមានជនជាប់ចោទចំនួន៣នាក់ អត់មានមេធាវីការពារផ្លូវច្បាប់ឲ្យ ។ យោងតាមច្បាប់ក្រមនីតិវិធីព្រហ្មទ័ណ្ឌ ក្នុងករណីបទល្មើសជាបទឧក្រិដ្ឋ ហើយជនជាប់ចោទពុំមានមេធាវីការពារ នោះតុលាការចាត់តាំងមេធាវីឲ្យជនជាប់ចោទ ឬត្រូវបញ្ឈប់សវនាការដើម្បីឲ្យជនជាប់ចោទរកមេធាវីការពារក្ដីជាមុនសិន ។ដូច្នេះក្នុងសំណុំរឿងក្ដីនេះតុលាការបានផ្អាកសវនាការដើម្បីឲ្យជនជាប់ចោទរកមេធាវីការពារក្ដី និងលើកពេលសវនាការទៅថ្ងៃទី ២៥វិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ។

សូមរំលឹកថា  ការឃាត់ខ្លួនជនជាប់ចោទទាំង៥នាក់ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះវីឡាលេខ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ៩A ផ្លូវ៣៤៨  ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ប្រតិបត្តិការណ៍នេះ មានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំមន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពាអនីតិជនរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ ផ្ទះទី១ ផ្ទះផ្ទះលេខ២A ផ្លូវ៣៤៨ ឃាត់ខ្លួនមនុស្សបានចំនួន២៥នាក់ ប្រុស២នាក់ ដែលបុរសម្នាក់ ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ (ជនជាតិចិន) និងរថយន្ត១គ្រឿងម៉ាក់ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២A -៦៨៨៣ ម៉ូតូហុងដា today ពណ៌ខ្មៅ  ១គ្រឿង និងផ្ទះទី២ ផ្ទះលេខ៩A ផ្លូវ៣៤៨ ឃាត់ខ្លួនបានមនុស្សចំនួន១៨នាក់ រួមទាំងក្មេង២នាក់ និងរថយន្ត១គ្រឿងម៉ាក់Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-8863។ ថែមទាំងដកហូតឯកសារមួយចំនួន រួមមាន លិខិតឆ្លងដែនមួយចំនួន និងឯកសារពាក់ពន្ធ័ និងឱសថការពារទារកមួយចំនួនធំ។

តាមចម្លើយនារីពរពោះជំនួសទាំង៣៣នាក់ គឺក្នុងកូន១ដែលពួកគាត់ពរពោះជំនួសនេះទទួលបានប្រាក់កម្រៃចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូងឲ្យចំនួន៥០០ដុល្លារខែបន្ទាប់៣០០ដុល្លារ រហូតដល់កើត ទើបទទួលបានចំនួន៦០០០ដុល្លារបន្ថែមទៀត។ចំពោះការថែទាំគភ៌ ការប្រសូត្រ គឺជាបន្ទុករបស់ក្រុមហ៊ុន ។លក្ខណពិសេសនៃការពរពោះជំនួសក្នុងករណីនេះគឺពេលជិតដល់ត្រូវឆ្លងទន្លេ ប្រសូត្រ គឺក្រុមហ៊ុនបញ្ជូនស្ត្រីពរពោះទៅប្រទេសចិនសម្រាលកូនរួចទើបបញ្ជូនមកស្រុកខ្មែរវិញហើយប្រគល់លុយបង្គ្រប់១ម៉ឺនដុល្លារ ។

ឥឡូវនេះស្ត្រីពរពោះជំនួសទាំង៣៣នាក់ត្រូវបញ្ជូនឲ្យមន្ទីរសង្គមកិច្ចរាជធានីគ្រប់គ្រងបណ្ដោះអាសន្នរងចាំសម្រេចពីតុលាការ។ ចំណែកមេការក្រុមហ៊ុនទាំង៥នាក់ត្រូវបានបញ្ជូនឡើងតុលាការឃុំខ្លួនតាំងពីថ្ងៃទី ២៨មិថុនា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃកាត់ទោសនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner