ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសានិងលើកទិសដៅបន្តសម្រាប់ខែឧសភា ឆ្នាំ២០២២

ភ្នំពេញ ៖ នៅនាយកដ្ឋានបណ្តុះបណ្តាល មានបើកកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមេសានិងលើកទិសដៅបន្តសម្រាប់ខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ កម្មវិធី Zoom Cloud Meeting អញ្ជើញដឹកនាំកិច្ចប្រជុំដោយឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល ដោយមានការអញ្ជើញចូលរួមពីអនុប្រធាននាយកដ្ឋាន នាយកសាលានគរបាលជាតិភូមិភាគទាំង៦ ប្រធានការិយាល័យ ប្រធានធានាគុណភាពផ្ទៃក្នុង និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន៨០នាក់ នារី៩នាក់នៅថ្ងៃទី១០ខែ ឧសភា ឆ្នាំ២០២២ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំដល់ថ្នាក់ដឹកនាំសាលាទាំង៦ ត្រូវយកចិត្តទុកដាក់ត្រៀមបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៥ លើកទី២និងត្រូវពិនិត្យមើលស្ថានភាពទីតាំងសម្រាប់សាងសង់អគារផ្សេងៗតាមតម្រូវការនៅតាមសាលានីមួយៗឱ្យបានម៉ត់ចត់។ ម្យ៉ាងវិញទៀត មន្ត្រីរបស់សាលាទាំងអស់ ក៏ត្រូវប្រកាន់ខ្ជាប់វិន័យនិងក្រមសីលធម៌ល្អ ឱ្យសក្តិសមជាមន្ត្រី ដើម្បីជាគំរូល្អដល់សិស្សនិងត្រូវចេះគោរពគ្នាតាមឋានានុក្រមរវាងមន្ត្រីរួមសាលានិងមន្ត្រីដែលជាភ្ញៀវផង ដោយមិនត្រូវប្រកាន់ថា គោរពតែមន្ត្រីក្នុងសាលា ឯមន្ត្រីអញ្ជើញមកពីក្រៅសាលា មិនបាច់គោរពនោះ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ប្រធានអង្គប្រជុំ បានថ្លែងបន្តថា នាយកសាលាទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍសាលាបន្តទៀត ដោយត្រូវជ្រើសរើសរុក្ខជាតិនិងដាំតាមប្រភេទឱ្យបានល្អនិងរៀបរយតាមស្ថានភាពដីជាក់ស្តែង ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner