សភាហុងកុងសម្រេចលុបចោលជាផ្លូវការហើយ សេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោក
អត្ថបទដោយ៖
Kien Sereyvuth
ហុងកុង៖ នៅទីបំផុតនៅថ្ងៃពុធសប្តាហ៍នេះ សភាហុងកុងបានសម្រេចលុបចោលសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោកជាផ្លូវការហើយ។
សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស ដែលមានគោលដៅធ្វើបត្យាប័នជនសង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយ ទៅកាត់ទោសនៅចិនដីគោកនេះ បានបណ្តាលឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាជនហុងកុង រហូតផ្ទុះជាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល កាលពីខែមេសាកន្លងទៅ មកទល់ពេលបច្ចុប្បន្ន។
យ៉ាងណាមិញ បើទោះជាសេចក្ដីព្រាងច្បាប់ខាងលើត្រូវបានលុបចោលទាំងស្រុងក៏ដោយ ក៏ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្តធ្វើការតវ៉ាដដែល ដោយពួកគេទាមទារឱ្យអាជ្ញាធរឈប់ចាត់ទុកបាតុកម្មរបស់ពួកគេថា ជាកុបកម្ម ការលើកលែងទោសដល់បាតុករដែលត្រូវចាប់ខ្លួនទាំងអស់ ការបើកការស៊ើបអង្កេតលើករណីប៉ូលិសប្រើហិង្សាលើបាតុករ និងការអនុវត្តយ៉ាងពេញនូវច្បាប់បោះឆ្នោតសកល ៕ធ.ដ