ឯកឧត្តម វេង សាខុន បញ្ជាក់ថា ប្រទេសយើងមានច្បាប់ ហើយច្បាប់បានដាក់ទោសទាន់ដល់ជនណាដែលមិនគោរព ឬមិនអនុវត្តតាម
ការថ្លែងរបស់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតិក្នុងវេទិកាសាធារណ: ដែលធ្វើឡើងក្នុងបរិវេណវត្តពោធិរតនារាម (ស្អាង) ក្នុងភូមិស្អាង ឃុំត្រពាំងគង។ ហើយនេះគឺជាឃុំទី៧ ក្នុងចំណោម១០ឃុំ ក្នុងស្រុកជើងព្រៃ ដែលបានរៀបចំវេទិកានេះ។
គោលបំណងក្នុងវេទិកាសាធារណ:នេះគឺ ធ្វើការតាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងជាពិសេសដើម្បីផ្សារភ្ញាប់រវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ ដែលជាឱកាសល្អដើម្បីតាមដានអំពីសេចក្តីសុខទុក្ខ បញ្ហាប្រចាំថ្ងៃ និងដោះស្រាយសេចក្តីត្រូវការចាំបាច់ជូនពល រដ្ឋ។ វេទិកានេះក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ មកពីភូមិចំនួន១០គឺភូមិ៖ ត្រពាំងថ្ម ត្រពាំងគង អង់ ស្អាង ប្រទេន ទម្ពរ ត្នោតបាក់ អារក្ស កណ្តាល និងភូមិក្ងោក។
ឯកឧត្តមវេង សាខុន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា បើទោះបីសម្តេចមិនបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនដោយផ្ទាល់ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ និងបេះដូងរបស់សម្តេចគឺស្ថិតនៅជាប់បងប្អូនគ្រប់ពេលវេលា ។
ក្នុងនោះឯកឧត្តមបានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ជាបន្តបន្ទាប់ពីដំណាក់កាលមួយ មកដំណាក់កាលមួយ ក្រោមការដឹកនាំប្រកបដ៏ភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញទូទាំងផ្ទៃប្រទេស និងឈានទៅធ្វើការអភិវឌ្ឍជាបណ្តើរៗ និងទទួលបានកំណើនសេដ្ឋកិច្ចល្អប្រសើរ ក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ រួមជាមួយនិងការដាក់ចេញនយោបាយធ្វើកំណែទម្រង់គ្រប់វិស័យ ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។ ដូច្នេះ ដើម្បីឈានទៅសម្រេចបានមហិច្ឆតានេះ ឯកឧត្តមប្រធានបានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ មេត្តាបន្តរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់មូលដ្ឋានឲ្យបានល្អ កុំជឿ តាមពាក្យមួលបង្កាច់ បំភ្លៃការពិត លាបពណ៌ ឈានទៅបង្កអស្ថិរភាព បះបោរ និងហឹង្សាក្នុងសង្គម។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសយើងមានច្បាប់ ហើយច្បាប់បានដាក់ទោសទាន់ដល់ជនណាដែលមិនគោរព ឬមិនអនុវត្តតាមមិនចំពោះតែគណបក្ស ឬបុគ្គលណាម្នាក់ឡើយត្រូវតែប្រឈមនឹងការ ផ្តន្ទាទោសតាមច្បាប់កំណត់។ ដូច្នេះ ក្នុងនាមពលរដ្ឋម្នាក់ត្រូវតែគោរពច្បាប់ដែលមានជាធរមាន និងដើរតាមមាគ៌ាដ៏ត្រឹមត្រូវ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានចោទសួរ សំណូមពរ និងសំណើដូចជាស្តារប្រឡាយ លូទឹក ដី និងគ្រួសក្រហមសម្រាប់ជួសជុលកែលម្អផ្លូវលំ និងសំលៀកបំពាក់ប្រជាការពារ ហើយនិងសហគមន៍កសិកម្មអភិវឌ្ឍកសិករស្នើសុំឃ្លាំងស្តុកស្រូវពូជ ហើយនឹងម៉ាស៊ីនព្រោះស្រូវ។ ដើម្បីជួយចែករំលែក និងដោះស្រាយសំណើរ ឯកឧត្តមប្រធាន និងសហការីបានជួយឧបត្ថម្ភថវិកាមួយចំនួនផងដែរ។ ដោយឡែកអ្នកដែលអញ្ជើញមកចូលរួម ម្នាក់ទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕