ប្រកាស់ទទួលស្គាល់សមាសភាពគណ:កិត្តិយសនិងគណ:កម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាក្រុងបានលុង
រតគិរី : ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបានលុង
នៅព្រឹកថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកិត្តិយស និងសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបានលុង។ ពីធីនេះក៏មានដោយមានការអញ្ជើញពីសំណាក់ ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ សាខា លោកនាយកសាខា អនុសាខាក្រុមកាកបាទក្រហមសង្កាត់ និងស្ថាប័នពាក់ព័ន្ធជុំវិញក្រុងជាច្រើនរូបទៀតផងដែរ។
បន្ទាប់ពីលោឌឹម ណាតនាយកសាខាបានអានសេចក្តីប្រកាសទទួលស្គាល់សមាសភាពអនុសាខាក្រុងបានលុងរួចមកលោក ងិន ណែល ប្រធានគណៈកម្មាធិការអនុសាខា តំណាងអោយគណៈកិត្តិយស និងគណៈកម្មាធិការ អនុសាខាក្រុងបានលុងដែលទើបទទួលបានការតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបំពេញការងារមនុស្សធម៌ជួយជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសបន្តគាំទ្រ សម្តេចចកិត្តិព្រឹទ្ធបណ្តិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នៅអាណត្តិក្រោយៗទៀត ដើម្បីបានបន្ត ដឹកនាំបេសកកម្មមនុស្សធម៌ឱ្យកាន់តែរីកចម្រើនថែមទៀត និងប្តេជ្ញាគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខ ការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកសមាជិកាសាខា-អនុសាខាអង្គភាពនានាអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលតែងតែផ្តល់នូវការយកចិត្តទុកដាក់ និងផ្តល់កិច្ចសហប្រតិបត្តិការជួយសម្រួលគ្រប់បែបយ៉ាងដល់សកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត និងអនុសាខា ។
ជាមួយគ្នានោះ ឯកឧត្តមបានផ្តាំផ្ញេីរដល់គណៈកិត្តិយសគណៈកម្មាធិការអនុសាខាគ្រប់ជាន់ថ្នាក់ សូមមេត្តាបន្តរក្សាពង្រឹងសាមគ្គីភាពឱ្យបានជិតស្និទ្ធ និងសុខដុមនីយកម្ម រវាងសាខា អនុសាខា ជាមួយអង្គភាពពាក់ព័ន្ធនានា ជាពិសេសបន្តពង្រឹងនិងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមតាមសហគមន៍ និងគ្រឹះស្ថានសិក្សា ដើម្បីរក្សាបាននូវកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីជួយសម្រាលរាល់ទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះ តាមវិស័យការងារមនុស្សធម៌ អោយទទួលបានជោគជ័យ ពោលគឺផ្តល់នូវភាពកក់ក្តៅដល់ជនរងគ្រោះនិងងាយរងគ្រោះស្របតាម ប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល”៕ ដោយ គតិ យុត្ត