សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទូតអាមេរិកថា ចាប់ពីពេលនេះទៅ យើងនឹងធ្វើការជាមួយគ្នាបន្តទៀត ពិសេស គឺធ្វើយ៉ាងណាពង្រឹង ពង្រីក និងរឹតបន្តឹងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដែលមានស្រាប់ និង ទៅលើវិស័យសំខាន់ៗដទៃទៀត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅវិមាន សន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ ឯ,ឧ ផាទ្រីក មើសហ្វី (Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថា ចាប់ពីពេលនេះទៅ យើងនឹងធ្វើការងារជាមួយគ្នាបន្តទៀត ជាពិសេស គឺធ្វើយ៉ាងណាពង្រឹង ពង្រីក និងរឹតបន្តឹងមិត្តភាព កិច្ចសហ ប្រតិបត្តិការលើវិស័យមួយចំនួន ដែលមានស្រាប់ និង ទៅលើវិស័យសំខាន់ៗដទៃទៀត ។

ក្រោយបញ្ចប់ជំនួប ឯ,ឧ កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារពត៌មានថា សម្ដេចតេជោ បានស្វាគមន៍និងអបអរសាទរចំពោះឯកឧត្តម partrick murphy ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។

ឯកឧត្តមអគ្គរដ្ឋទូតបានជំរាបសម្តេចតេជោថាឯកឧត្តម បានអញ្ជើញមកពីទីក្រុង washington មុននឹងមកនេះឯកឧត្តមក៏បានជួបជាមួយនឹងប្រធានាធិបតី និងជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិក ដោយបានឃើញនូវទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។

ក្នុងជំនួបនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា សម្ដេចពិតជាវាយតម្លៃខ្ពស់ចំពោះសកម្មភាពដែលឯកឧត្តមអគ្គរដ្ឋទូត ចាប់ផ្ដើម នៅក្នុងការធ្វើការទំនាក់ទំនង ជាមួយប្រទេសកម្ពុជា ក៏ដូចជាធ្វើសកម្មភាពជាមួយប្រជាពលរដ្ឋកម្ពុជាផងដែរ ។ សម្ដេចបញ្ជាក់ថា ទំនាក់ទំនងរបស់យើងនេះមិនមែនចាប់ផ្ដើម ពីសូន្យទេ គឺបន្តនូវអ្វីដែលយើងធ្លាប់មានពីមុនមក ហើយទំនាក់ទំនងនេះល្អប្រសើរ ។ ក្នុងនេះដែរ សម្ដេចតេជោ បានគូសបញ្ជាក់ថា អ្វីដែលយើងនឹងបន្តនេះ គឺបន្តពង្រីកពង្រឹងទំនាក់ទំនងទ្វេភាគី បន្ថែមទៀត ដោយសារកម្ពុជា និងសហរដ្ឋអាមេរិក មានការសហការគ្នាទៅលើគ្រប់វិស័យ ហើយជាពិសេស មានចំណុចដែលយើងឯកភាពគ្នាជាច្រើនផងដែរ ហើយជាការធម្មតា ដែលក្នុងទំនាក់ទំនងទ្វេភាគី តែងតែមានចំនុចខ្លះ ដែលយើងត្រូវការពេលវេលា ដើម្បីបន្តធ្វើការជាមួយគ្នា ។

សូមបញ្ជាក់ថា កន្លងមកនេះ កម្ពុជា និងសហរដ្ឋអាមេរិក មានកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅក្នុង ការស្វែងរកទាហានអាមេរិកបាត់ខ្លួន ក្នុងសម័យសង្គ្រាម ហើយនិងក្រុមអ្នកស្ម័គ្រចិត្ត ភីសខប(Peace Corp) របស់សហរដ្ឋអាមេរិក ហើយនិងវិស័យផ្សេងៗទៀត ទាំងវិស័យសុខាភិបាល និងវិស័យអប់រំផងដែរ ។

ជារួមនៅក្នុងជំនួបនេះ មានលក្ខណៈល្អ ជាពិសេស ដើម្បីបន្តកិច្ចការជាមួយគ្នាឱ្យកាន់តែរឹងមាំថែម ទៀត ។ សូមបញ្ជាក់ដែរថា កន្លងមកនេះ ក្រុមអ្នកស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិក ចំនួន ៧០០នាក់ បានមក កម្ពុជា ដោយស្ម័គ្រចិត្ត ជួយបង្ហាត់បង្រៀន និងធ្វើការងារផ្សេងៗ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន នៃប្រទេសទាំងពីរ ដោយការងារនេះ នឹងមានជាបន្តទៀតនៅពេលខាងមុខ ។

សម្ដេចតេជោបានលើកយោបល់ថា ក្រុមអ្នលស្ម័គ្រចិត្តភីសខប ក៏អាចនឹងចូលរួមអុំទូកជាមិត្តភាព ក្នុង ឱកាសបុណ្យអុំទូកខាងមុខនេះ ដើម្បីបង្កើននូវការយល់ដឹងផ្នែកវប្បធម៌ ក៏ដូចជា ពង្រឹងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជនផងដែរ ។

នៅឆ្នាំក្រោយនេះ គឺជាខួបទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ កម្ពុជា-អាមេរិក សម្ដេច តេជោ នាយករដ្ឋមន្ត្រី បានប្រាប់ឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត សហការជាមួយកម្ពុជា និងធ្វើការងារជាមួយគ្នា ដើម្បីអបអរសាទរ នៃការបង្កើតការទូតរយៈពេល ៧០ឆ្នាំនេះ ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner