ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ដែលមានខ្លឹមសារដូចខាងក្រោម ៖

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩ យាងចូល ៧០ ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ទូលព្រះបង្គំជា ខ្ញុំតាង នាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមព្រះបរមរាជានុញ្ញាត សម្តែងនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់បែបយ៉ាងប្រកបដោយ កតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់ចំពោះជាតិ សាសនា និងប្រជារាស្ត្ររបស់ព្រះអង្គ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមយកឱកាសដ៏វិសេសវិសាលនេះ លំឱនកាយលើកហត្ថប្រណម្យ បួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យ ព្រះរតន ត្រ័យ កែវទាំងបី បុណ្យបារមីដួងព្រះវិញ្ញាណក្ខន្ធ នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី យានី និងព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមជួយថែរក្សាអភិបាល និងប្រោះព្រំព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួនព្រះរាជសុខភាពល្អបរិបូណ៌ និងមាន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមរាជ សម្បត្តិជា ម្លប់ដ៏ត្រជាក់ ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូប និងបន្តព្រះរាជកិច្ចដឹកនាំប្រកបដោយទសពិធរាជធម៌ ក្នុងបុព្វហេតុ សន្តិភាព បង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី និងភាពចម្រុងចម្រើនសម្បូរសប្បាយ
នៃទឹកដីសុវណ្ណភូមិជានិច្ចនិរន្តរ៍។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះ មេត្តាទទួល នូវគារវកិច្ចដ៏ ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ៕
ដោយ ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner