អាល្លឺងម៉ង់ បង្ហាញឆន្ទៈចង់ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយកម្ពុជា និងចង់បើកការិយាល័យសភាពាណិជ្ជកម្មជាលើកដំបូងនៅកម្ពុជា
ភ្នំពេញ៖ អាល្លឺងម៉ង់ ដែលជាប្រទេសមហាអំណាចមួយនៅចក្រភពអឺរ៉ុប បានបង្ហាញឆន្ទៈដ៏មុតមាំរបស់ខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែល្អប្រសើរជាមួយកម្ពុជា។ បន្ថែមពីលើនោះសភាពាណិជ្ជកម្មអាល្លឺម៉ង់ គ្រោងបើកការិយាល័យជាលើកដំបូងនៅកម្ពុជាថែមទៀតផង ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ការបញ្ជាក់ជំហរពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម គ្រីស្ទាន បឺហ្គឺ (Christian Berger) ឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺម៉ង់ប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។
ឯកឧត្តម កៅ កឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺម៉ង់ បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះភាពល្អប្រសើរលើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន។ ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ក្នុងបេសកម្មការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ឯកឧត្តម គ្រីស្ទាន បឺហ្គឺ នឹងខិតខំជំរុញពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជានិងអាល្លឺម៉ង់ ឲ្យបានកាន់តែល្អប្រសើរថែមទៀត។
ឆ្លើយតបលើបញ្ហានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសន្យានឹងព្យាយាមឱ្យអស់លទ្ធភាពចូលរួមចំណែកបន្តពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី រវាងអាល្លឺម៉ង់ និងកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានអរគុណរដ្ឋាភិបាលកម្ពុជា ដែលគាំទ្របេក្ខភាពរបស់អាល្លឺម៉ង់ នៅអង្គការសហប្រជាជាតិនាពេលកន្លងទៅ។ ជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអាល្លឺម៉ង់ ក៏ជាប្រធានមួយត្រូវបានលើកមកជជែកជាសំខាន់ផងដែរនៅក្នុងជំនួបនេះ។
ក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានមើលឃើញថា កម្ពុជា និងអាល្លឺម៉ង់ នៅមានសក្កានុពលជាច្រើនទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការធ្វើពាណិជ្ជកម្ម និងវិនិយោគនេះ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា បច្ចុប្បន្នសភាពាណិជកម្មអាល្លឺម៉ង់ ចង់បើកការិយាល័យសភាពាណិជ្ជកម្មជាលើកដំបូងនៅកម្ពុជា ដោយសារក្រុមហ៊ុមអាល្លឺម៉ង់ធំៗជាច្រើន ចាប់អារម្មណ៍ចំពោះការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ហើយមានបំណងមកវិនិយោគនៅកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី យល់ស្របចំពោះការមើលឃើញរបស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លើការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ សម្តេចតេជោ បានលើកឡើងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងតែមានការរីកចម្រើនច្រើន ហើយកម្ពុជាក៏នាំចូលពីអាល្លឺម៉ង់ច្រើនដែរ ដូចជារថយន្តជាដើម។ ជាមួយគ្នានោះ កម្ពុជាក៏នាំទំនិញទៅកាន់ប្រទេសអាល្លឺម៉ង់ក៏ច្រើនដែរ ដូចជាស្បែកជើង និងសម្លៀកបំពាក់។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានរំលឹកថា កន្លងទៅកម្ពុជាបានទិញម៉ាស៊ីនភ្លើងមួយគ្រឿងពីប្រទេសអាល្លឺម៉ង់ ក្នុងចំណោមពីរគ្រឿង ដើម្បីផលិតថាមពលអគ្គិសនីទុកបម្រុងបំពេញតម្រូវការប្រើប្រាស់។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនស្រាបៀរ ដែលប្រើប្រាស់បច្ចេកវិទ្យាអាឡឺម៉ង់ ផលិតស្រាបៀរនៅកម្ពុជាផងដែរ។
តាមរយៈសកម្មភាពធ្វើពាណិជ្ជកម្មទាំងនេះសម្តេចតេជោ បានគូសបញ្ជាក់ថា វិស័យធុរកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងអាល្លឺម៉ង់ មានទំនាក់ទំនងកាន់តែស៊ីជម្រៅ។ ដូច្នេះបំណងក្នុងការបើកការិយាល័យសភាពាណិជ្ជកម្មអាល្លឺម៉ង់នៅកម្ពុជា គឺជារឿងល្អអាចចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញពាណិជ្ជកម្ម ដូចជាសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ពីការត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ខាងមុខនេះ ស្របពេលដែលអាល្លឺម៉ង់ នឹងធ្វើជាប្រធានសហភាពអឺរុប។ ដូច្នេះប្រទេសទាំងពីរ នឹងធ្វើកិច្ចសហការគ្នាធ្វើយ៉ាងណាឱ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុប ទទួលបានផ្លែផ្កា និងជោគជ័យ។
នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អាល្លឺម៉ង់ ដែលបានគាំទ្រផ្តល់ជំនួយ និងបទពិសោធន៍ពាក់ព័ន្ធការធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិ។ សម្ដេចតេជោចង់ឃើញអាល្លឺម៉ង់ បន្តជួយលើផ្នែកនេះបន្តទៀត ជាពិសេសក្នុងពេលកម្ពុជា កំពុងតែពង្រឹងតួនាទីអំណាចនៅថ្នាក់ក្រោមជាតិ៕ធ.ដ