ឯកឧត្តម ឃួង ស្រេង ៖ គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកំលាំងពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅខែក្រោយនេះ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកំលាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតនានានៅក្នុងរាជធានីភ្នំពេញ។

ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ឧសភាឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ តំណាងស្នងការនគរបាលរាជធានី តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ពន្ធនាគាររាជធានី កងយុទ្ធភូមិភាគពិសេសនិងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកងកំលាំងពាក់ព័ន្ធទាំងអស់ ក្រៅពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតហើយនោះ ត្រូវពិនិត្យពីភាពអសកម្មនានានៅតាមទីតាំងនិងការិយាល័យបោះឆ្នោត សំដៅធ្វើយ៉ាងណា អោយការបោះឆ្នោតនេះ ដំណើរការទៅដោយរលូន ធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា ។

ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យកម្លាំងនិងអាជ្ញាធរទាំងអស់ ក្រៅពីការខិតខំប្រឹងប្រែងបំពេញការងារក្នុងអំឡុងពេលយុទ្ធនាការឃោសនានិងអំឡុងពេលបោះឆ្នោតនេះ ត្រូវពិនិត្យមើលផ្លូវច្បាប់ឱ្យច្បាស់លាស់ ដើម្បីអនុវត្តការងារទាំងនេះបាន ដោយរលូន បានល្អប្រសើរ និងគ្មានកំហុសឆ្គង ។

គួរបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង បានរៀបចំផែនការរួចហើយ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងយុទ្ធនាការឃោសនានិងបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ ដោយនៅភ្នំពេញ អ្នកមានឈ្មោះ ត្រូវទៅបោះឆ្នោតមានចំនួន ៨៩៩៦៨៨នាក់ មានការិយាល័យបោះឆ្នោតចំនួន ២១៩៧ ការិយាល័យ ស្មើនិង ២៦៥ទីតាំង។

ដោយចាប់ពីពេលនេះតទៅរហូតដល់បញ្ចប់ការបោះឆ្នោត យើងបានរៀបចំ កម្លាំងបានយ៉ាងល្អ ទាំងកម្លាំងសន្តិសុខ កម្លាំងប៉ូលីស និងកងរាជអាវុធហត្ថ ។ នៅពេលបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត យើងបាន រៀបចំជា ៣តំបន់ នោះគឺតំបន់ A B និងC (Aនៅ បរិវេណបោះឆ្នោត , B ឆ្ងាយពីទីតាំង៥០ម៉ែត្រ និងCនៅក្រៅទីតាំង១០០ម៉ែត្រ) សំដៅធ្វើយ៉ាងណឱ្យការបោះឆ្នោតនេះ ដំណើរការទៅដោយរលូនធានាបានសន្តិសុខ សុវត្ថិភាព មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner