គ.ជ.បចេញសេចក្ដីរំលឹកដល់គណបក្សនយោបាយ ពីការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សូមរំលឹកថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួន ដែលត្រូវធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូល អ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។

អំឡុងពេលនេះ មិនទាន់ដល់ថ្ងៃឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ទេ។ គ.ជ.ប សុំឱ្យគណបក្សនយោបាយដែលកំពុងធ្វើសកម្មភាពផ្ទុយពីច្បាប់បោះឆ្នោត និងផ្ទុយពីបទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ត្រូវបញ្ឈប់ជាបន្ទាន់។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានចេញសេចក្តីជូនដំណឹង លេខ ០៤២ គ.ជ.ប ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ រួចហើយ ដល់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតផ្លូវការ អំពីការហាមធ្វើ សកម្មភាពនានា ដូចចែងក្នុងមាត្រា ៦៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) មុនពេលកំណត់ ដូចមានចែងក្នុងមាត្រា ៧០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់។ គ.ជ.ប ចាត់ទុកថា រាល់ការធ្វើសកម្មភាពឃោសនាបោះឆ្នោតដែលផ្ទុយពី មាត្រា ៧០ ត្រូវទទួលទោសតាមមាត្រា ១៨៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ក្នុងខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ គជ.ប បានបញ្ជក់ជូនថា តាមស្មារតីនៃមាត្រា ៦៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) ការឃោសនាបោះឆ្នោត មានគោលបំណងឱ្យគណបក្សនយោបាយដែលបានអនុញ្ញាតឱ្យចុះបញ្ជីបេក្ខជនៈ និងក្ខជន ធ្វើ ការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ ត់ ដល់អ្នកបោះឆ្នោត តាមរយៈការធ្វើសកម្មភាពជាសាធារណៈចំនួន ១១ ចំណុច ដូចមានចែងក្នុងមាត្រា ៦៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបញ្ចុះបញ្ចូលអ្នក បោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។

ការធ្វើសកម្មភាពណាមួយដូចបានបញ្ជាក់ខាងលើរបស់គណបក្សនយោបាយ ដែលបាន អនុញ្ញាតជាផ្លូវការឱ្យចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ត្រូវចាត់ទុកថា ជាសកម្មភាពឃោសនាបោះឆ្នោត។ សកម្មភាពឃោសនាបោះឆ្នោតនេះ មានរយៈពេល ១៤ (ដប់បួន) ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ (ម្ភៃបួន) ម៉ោង មុនថ្ងៃបោះឆ្នោត ស្របតាម មាត្រា ៧០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

គ.ជ.ប សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជននៃគណបក្ស នយោបាយផ្លូវការ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការ បោះឆ្នោត និងក្រមសីលធម៌ដែលបានកំណត់ដោយ គ.ជ.ប ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner