ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់សង្គ្រាមពិតជាបានយល់ច្បាស់នូវការឈឺចាប់ និងការភ័យខ្លាច
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់សង្គ្រាម ជាពិសេសក្នុងអំទ្បុងទសវត្សរ៍ឆ្នាំ៧០ ដែលបានបង្កនូវវិនាសកម្ម និងការបំផ្លិចបំផ្លាញធំធេងលើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាផងដែរ និងដែលបានបន្តនៅរស់រានមានជីវិតមកទល់បច្ចុប្បន្ន ពិតជាបានយល់ច្បាស់ណាស់នូវការឈឺចាប់ និងការភ័យខ្លាចទាំងនោះ ជាពិសេសអំពីតម្លៃនៃសន្តិភាព ដែលកម្ពុជាកំពុងមានដូចពេលបច្ចុប្បន្ន ដោយបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមជាមួយនឹងកិត្តិយស និងកិត្យានុភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិទាំងក្នុងតំបន់ និងសាកលលោក។

ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលកៅស៊ូ DBST ចំនួន ៤២ ខ្សែ ប្រវែង ៣១.៩១៧ ម៉ែត្រ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានរំឭកជារឿយៗថា បើផ្លូវដាច់គេអាចតភ្ជាប់វិញបាន ប៉ុន្តែប្រសិនបើជីវិតបាត់បង់នោះ គឺមិនអាចវិលត្រឡប់មកវិញទ្បើយ។ ដូច្នេះហើយបានជាសម្តេចតែងបានខិតខំគិតគូរធ្វើយ៉ាងណារក្សាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុត ដែលសច្ចភាពនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងជាក់ស្តែងតាមរយៈស្ថានការណ៍ប្រវត្តិសាស្រ្តជាច្រើន ហើយដែលចុងក្រោយនេះ គឺក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយសម្តេចតេជោបានពិចារណាគិតគូរគ្រប់ជ្រុងជ្រោយ និងបានសម្រេចអារកាត់ប្រកបដោយការទទួលខុសត្រូវ និងលឿនរហ័ស ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យរួចផុតពីហានិភ័យនៃមហាគ្រោះថ្នាក់បង្កដោយជំងឺកូវីដ-១៩ ដែលទល់ពេលនេះបានឆក់យកជីវិតមនុស្សប្រមាណជាង៦លាននាក់ មកហើយនៅលើពិភពលោក។ លើលពីនេះ សម្តេចតេជោ ក៏តែងបានកំណត់យកទិសដៅអាទិភាពចំនួន៤ រួមមាន៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ដើម្បីជំរុញការលើកម្ពស់កម្រិតជីវភាព សុខភាព សុខុមាលភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរទ្បើង។


ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលផ្លូវចំនួន ៤២ខែ្ស ប្រវែងជិត៣២គីទ្បូម៉ែត្រ ស្ថិតក្នុង០៤សង្កាត់ នៃក្រុងកំពង់ចាម ដែលត្រូវបានដាក់សម្ពោធជាផ្លូវការសម្រាប់បម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ដើម្បីប្រកបរបររកទទួលទាន និងការសិក្សារៀនសូត្រ ក៏ដូចជាតម្រូវការចាំបាច់នានា សំដៅធានាបាននូវក្តីសង្ឃឹមលើអនាគតដ៏រុងរឿង។ ខេត្តកំពង់ចាម ក៏ដូចជាខេត្តនានានៅទូទាំងប្រទេស ធ្លាប់បានទទួលរងនូវផលប៉ះពាល់យ៉ាងដំណំដោយសារសង្គ្រាម ជាពិសេសក្នុងអំទ្បុងទសវត្សរ៍ ឆ្នាំ៧០ ដែលបានបង្កនូវវិនាសកម្ម និងការបំផ្លិចបំផ្លាញធំធេងលើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត






