អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា ដាក់ក្តីសង្ឃឹមខ្ពស់ថា អាចប្រជែងមេដាយមាស ពីស៊ីហ្គេម នៅហ្វីលីពីន
តាមរយៈសមិទ្ធផលមេដាយ៣គ្រឿង មាស១ ប្រាក់២ ដែលកីឡាករ កីឡាការិនី សហព័ន្ធកីឡារាំកម្ពុជា ពីព្រឹត្តិការណ៍កីឡារំាអាស៊ី ADSF Asian Adult Open Latin Dance ២០១៩ និងចំណាត់ថ្នាក់លេខ៤ ពីការប្រកួតកីឡារាំពិភពលោក WDSF Taipei Open ២០១៩ នៅប្រទេសចិន អគ្គលេខាធិការសហព័ន្ធកីឡារាំ លោកស្រី ហង្ស ស៊ីមន ដាក់ក្តីសង្ឃឹមខ្ពស់ថាអាចប្រជែងបានមេដាយមាស ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងដំណើរការពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដោយប្រភេទកីឡារាំកម្ពុជា នឹងបង្ហាញខ្លួនជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។
ថ្លែងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកស្រីអគ្គលេខាធិការ បញ្ជាក់ថា យើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះកីឡាករ កីឡាការិនី ដែលមានការខំប្រឹងប្រែងហ្វឹកហាត់រហូតដណ្តើមបានមេដាយមាស និងប្រាក់ ជូនប្រទេសកម្ពុជា។ លោកស្រី បន្តថា ការប្រកួតនេះ គឺមានការលំបាក និងតានតឹងខ្លាំងដោយសារតែអត្តពលិកកម្ពុជា ជួបប្រកួតសុទ្ធតែកីឡាករ កីឡាការិនីខ្លាំង ក្នុងតំបន់ និងកម្រិតពិភពលោក ដែលមកពី១៧ប្រទេស។
អគ្គលេខាធិការរូបនេះ បន្តទៀតថា មុនការប្រកួតសហព័ន្ធ មិនសូវជាមានការសង្ឃឹមណាស់ណាទេ ប៉ុន្តែនៅពេលប្រកួតជាក់ស្ដែង មើលតាមបច្ចេកទេសឃើញថា កីឡាករ កីឡាករិនីកម្ពុជា មានសមត្ថភាពប្រហាក់ប្រហែល និងប្រទេសខ្លាំងៗទាំងនោះ។ ដូច្នេះតាមរយៈការប្រកួត និងសមិទ្ធផល ដែលអត្តពលិកកីឡារាំឈ្នះមេដាយ ពីព្រឹត្តការណ៍កម្រិតអន្តរជាតិខាងលើ សហព័ន្ធរំពឹងខ្ពស់ថា ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនខាងមុខនេះ កីឡារាំអាចដណ្តើមមេដាយជូនកម្ពុជាជាក់ជាមិនខាន។
កីឡាករ សេង សុគីម បានបញ្ជាក់ថា ការចូលរួមប្រកួតកម្រិតអន្តរជាតិលើកនេះ រូបគេទទួលបានបទពិសោធន៍ច្រើន ដោយបានប្រកួតជាមួយកីឡាករខ្លាំងកម្រិតពិភពលោកផងដែរ ដូច្នេះសេង សុគីម សង្ឃឹមថា អាចនឹងដណ្តើមបានមេដាយពីស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំនេះជូនកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កម្រិតអន្តរជាតិ២ខាងលើ សហព័ន្ធកីឡារាំ បញ្ជូនកីឡាករ កីឡាការិនី និងប្រតិភូ៧នាក់ចូលរួម ជាលទ្ធផល កីឡាករ ច័ន្ទ វិទ័រ និងកញ្ញា ព្រាប ដានីអែលឡា ដណ្តើមបានមេដាយមាស១ ប្រាក់២គ្រឿង និងចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡារាំពិភពលោក WDSF Taipei Open 2019៕ធ.ដ