លោក ម៉ៃ ផេន អះអាងថា សហរដ្ឋអាម៉េរិក កំពុងនំាមុខគេលើពិភពលោក ខាងវិស័យអវកាសជាថ្មីម្តងទៀត
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក កំពុងនាំមុខគេលើពិភពលោក ខាងវិស័យអវកាសជាថ្មីម្តងទៀត ប៉ុន្តែនៅតែស្វាគមន៍ជានិច្ចសម្រាប់កិច្ចសហការជាមួយបណ្តាប្រទេសដទៃទៀត។ នេះបើតាមអនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផេន ក្នុងឱកាសចូលរួមប្រារព្ធវេទិកាអវកាសយានិកអន្តរជាតិ IAC នៅរដ្ឋធានីវ៉ាស៊ីនតោន នាដើមសប្តាហ៍នេះ។
អនុប្រធានាធិបតីអាម៉េរិករូបនេះ បានបន្ថែមទៀតថា កិច្ចប្រឹងប្រែងរបស់ទីភ្នាក់ងារអវកាស NASA ដើម្បីបញ្ជូនក្រុមអវកាសយានិកអាម៉េរិក ត្រឡប់ទៅលើផ្ទៃព្រះចន្ទឡើងវិញនៅឆ្នាំ២០២៤ បានសបញ្ជាក់ឲ្យឃើញពីចក្ខុវិស័យថ្មី នៅក្នុងវិស័យរុករកទីអវកាសក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ។
ដោយឡែក អង្គការអវកាស NASA ក៏នឹងបង្កើតស្ថានីយអវកាសមួយ ដែលដើរតួនាទីជាច្រកផ្លូវសម្រាប់ការចេញបេសកកម្មឆ្ពោះទៅកាន់ភពអង្គារ (Mars) ផងដែរ ខណៈ NASA ក៏កំពុងតែស្វះស្វែងរកការជួយសហការពីសំណាក់ប្រទេសជាដៃគូនៃស្ថានីយអវកាសអន្តរជាតិ ISS សម្រាប់គម្រោងទាំងនេះ៕ធ.ដ