រដ្ឋាភិបាលអ៊ីរ៉ាក់ ប្រកាសបដិសេធឲ្យកងទ័ពសហរដ្ឋអាម៉េរិក ដែលដកចេញពីស៊ីរី ឈរជើងនៅអ៊ីរ៉ាក់

អ៊ីរ៉ាក់៖ កងទ័ពអាម៉េរិក ត្រូវបានអនុញ្ញាតឲ្យឆ្លងពីព្រំដែនស៊ីរី ចូលមកក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែមិនទទួលបានការអនុញ្ញាតឲ្យឈរជើងស្នាក់នៅនោះឡើយ។ នេះបើតាមការអះអាងរបស់យោធាអ៊ីរ៉ាក់នៅថ្ងៃអង្គារម្សិលមិញ។

យោធាអ៊ីរ៉ាក់បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា កងទ័ពអាម៉េរិកដែលបានដកចេញពីស៊ីរី ត្រូវបានអនុញ្ញាតឲ្យចូលក្នុងទឹកដីអ៊ីរ៉ាក់ ដើម្បីត្រៀមសម្រាប់ការដឹកជញ្ជូនបន្តចេញពីប្រទេសអ៊ីរ៉ាក់ ព្រោះពុំមានការអនុញ្ញាតឲ្យកងទ័ពទាំងអស់នេះស្នាក់នៅឡើយ។

គួរបញ្ជាក់ផងដែរថា សេចក្តីរាយការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានឱ្យដឹងថា ក្បួនយានយន្តយោធាអាម៉េរិកប្រមាណ១០០គ្រឿងបានធ្វើដំណើរផុតពីស៊ីរី ឆ្លងចូលមកដល់ប្រទេសអ៊ីរ៉ាក់ ក្រោមក្របខណ្ឌនៃការដកកម្លាំងទ័ពចេញពីតំបន់ភាគខាងជើងរបស់ប្រទេសស៊ីរី។ បើតាមរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Mark Esper នោះ កងទ័ពអាម៉េរិកប្រមាណជាង១ពាន់នាក់ដែលដកចេញនឹងត្រូវផ្លាស់ទៅឈរជើងនៅអ៊ីរ៉ាក់វិញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner