លទ្ធផលបោះឆ្នោតសកលនៅកាណាដាបង្ហាញថា គណបក្សរបស់លោក ចាស្ទីន ទ្រូដូ បន្តឈ្នះឆ្នោតអាណត្តិថ្មីទៀត
កាណាដា៖ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លទ្ធផលបោះឆ្នោតសកលក្នុងប្រទេសកាណាដាបានបង្ហាញថា គណបក្សសេរីនិយមរបស់លោក ចាស្ទីន ទ្រូដូ គឺជាអ្នកទទួលបានជ័យជម្នះ ប៉ុន្តែបានបាត់បង់សំឡេងភាគច្រើនក្នុងសភា។
ជ័យជម្នះនេះក៏បានបង្ហាញផងដែរថា លោក ចាស្ទីន ទ្រូដូ នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីកាណាដាសម្រាប់អាណត្តិទី២ ក្នុងនាមដឹកនាំរដ្ឋាភិបាលភាគតិច។ សម្រាប់ការប្រកាសលទ្ធផលឆ្នោតជាផ្លូវការ នឹងត្រូវប្រកាសចេញនៅប៉ុន្មានថ្ងៃទៀតនេះ។
សូមជម្រាបថា គណបក្សសេរីនិយមរបស់លោក ទ្រូដូ ទទួលបានសំឡេងគាំទ្រ ១៥៧អាសនៈនៃអាសនៈសភាសរុប៣៣៨អាសនៈ។ ដូច្នេះ គឺនៅខ្វះ១៣អាសនៈទៀត ដើម្បីបានសំឡេងភាគច្រើន ហើយប្រការនេះនឹងធ្វើឱ្យបក្សកាន់អំណាចមួយនេះ មានការលំបាកក្នុងការបោះឆ្នោតដើម្បីអនុម័តច្បាប់ណាមួយនៅក្នុងសភា ស្របពេលគណបក្សប្រឆាំងអភិរក្សនិយមទទួលបានសំឡេងគាំទ្រ១២១អាសនៈ ឬ កើនឡើងពី៩៥អាសនៈពីការបោះឆ្នោតសកលកាលពីអាណត្តិមុន៕ធ.ដ