ប្រធានក្រុមហ៊ុនអាកាសចរណ៍ Thai Airways និយាយថា ក្រុមហ៊ុនខ្លួនកំពុង ប្រឈមមុខនឹងការបិទទ្វារ ដោយសារតែវិបត្តិហិរញ្ញវត្ថុ
ថៃ៖ បុគ្គលិកត្រូវតែសហការជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការធ្វើឲ្យក្រុមហ៊ុនល្អដូចដើមវិញ ព្រោះវាគឺជាវិបត្តិមួយ បើមិនដូច្នោះទេ ក្រុមហ៊ុនប្រឈមមុខនឹងការបិទទ្វារ។ នេះបើតាមប្រធានក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) លោក ស៊ូម៉េត ដាំរុងឆៃថាម នៅថ្ងៃអង្គារម្សិលមិញ។
ប្រធានក្រុមហ៊ុនអាកាសចរណ៍ Thai Airways រូបនេះបាននិយាយទៀតថា ក្រុមហ៊ុនរបស់លោកបានបាត់បង់ភាពទីផ្សាររបស់ខ្លួន លើផ្លូវហោះហើរជាច្រើនជា មួយក្រុមហ៊ុនប្រកួតប្រជែង លោកថា ក្រុមហ៊ុននឹងកាត់បន្ថយការចំណាយ ដោយកាត់បន្ថយប្រាក់ខែរបស់បុគ្គលិកផ្នែកគ្រប់គ្រង ខណៈក្រុមហ៊ុនកំពុងស្ថិតក្នុងវិបត្តិ។
ការលើកឡើងបែបនេះរបស់លោក ស៊ូម៉េត ដាំរុងឆៃថាម ត្រូវបានធ្វើឡើងស្របពេលរបាយការណ៍មួយបានឱ្យដឹងថា ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០១៩នេះ ក្រុមហ៊ុន Thai Airways បានខាតប្រាក់ចំនួន៦,៤៤ពាន់លានបាត ឬស្មើនឹងជាង២១២លានដុល្លារអាម៉េរិក។ តួលេខនេះ បានធ្វើឲ្យទំហំនៃការខាតរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ កើនឡើងដល់២៨០ពាន់លានបាត ខណៈបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកជាង២ម៉ឺននាក់៕ធ.ដ