សាខាកាំកុងត្រូលខេត្តសៀមរាប បានចុះត្រួតពិនិត្យនៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ បានរកឃើញម្ហូបអាហារផុតកាលបរិច្ឆេទចំនួន១១ គីឡូក្រាមហើយយកទៅកំទេចចោលភ្លាមៗ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ការចុះត្រូតពិនិត្យលើសុវត្ថិភាពម្ហូបចំណីអាហារជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តសៀមរាបនេះ ជាផ្នែកមួយដ៏សំខាន់នៃការទាក់ទាញភ្ញៀវបរទេស ក៏ដូចជាដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ មិនត្រឹមតែជាកត្តាដល់ការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងភ្ញៀវបំពេញធុរកិច្ចផ្សេងៗប៉ុណ្ណោះទេ វាគឺជាកត្តាដ៏សំខាន់មួយសម្រាប់ជួយដល់ការធានាសុខភាពល្អប្រសើរ តាមរយៈនៃការហូបចុកប្រចាំថ្ងៃផងដែរ។

មានប្រសាសន៍នាឪកាសនោះ លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានលើកបង្ហាញឲ្យដឹងអំពីជំហរទទួលខុសត្រូវនៃអង្គភាពរបស់ខ្លួនថា៖ សុវត្ថិភាពចំណីអាហារ ក៏ត្រូវបានចាត់ទុកថា ជាចំណែកមួយដ៏ធំ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍជាតិដែរ ។ នៅក្នុងប្រតិបត្តិការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ភូមិត្រពាំងសេះ សង្កាតគោកចក ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ។

លោកបញ្ជាក់ថា ៖ ការយកចិត្តទុកដាក់បំពេញភារកិច្ចចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងត្រួតពិនិត្យលើផលិតផលប្រើប្រាស់មួយចំនួនទៀត  គឺជាប្រតិបត្តិការរបស់ភ្នាក់ងារសមត្ថកិច្ចសាខាកាំកុងត្រូល ក្រោមកិច្ចសហការជាមួយមន្រ្តីជំនាញមកពីមន្ទីរពាណិជ្ចកម្ម ដើម្បីធានាឲ្យបានថា ក្រុងទេសចរណ៍សៀមរាប-អង្គរ  គឺជាទីក្រុងមោទនភាពអាហារមានសុវត្ថិភាព។

ក៏ប៉ុន្តែជាក់ស្តែងនាពេលនេះមន្ត្រីជំនាញរបស់លោកបានរកឃើញម្ហូបចំណីអាហារដែលខូចគុណភាព និងហួសសុពលភាពប្រើប្រាស់នោះរួមមាន៖ ប្រហិតស៊ីភីរ៉ូស ចំនួន៦០០០ក្រាម ហតដកសាច់មាន់ ចំនួន២០០០ក្រាម ហតដករស់ជាតិឈិស ចំនួន៣០០០ក្រាម សរុបចំនួនទាំងអស់ស្មើ១១គីឡូក្រាម ត្រូវបានមន្ត្រីជំនាញកាំកុងត្រូលធ្វើកំណត់ហេតុដកហូតយកទៅកំទេចចោលភ្លាមៗផងដែរ។

លោកបន្ថែមថា ៖ នៅក្នុងប្រតិបត្តិការនេះ ដែលអាចទទួលជោគជ័យបាន មួយផ្នែកគឺការយល់ដឹងរបស់អតិថិជនអ្នកប្រើប្រាស់-ហូបចុក និងមួយផ្នែកដ៏សំខាន់ជាងនេះ គឺការចូលរួមរបស់អាជីវករអ្នកផលិតនិងលក់ដូរ ដែលមានស្មារតីទទួលខុសត្រូវ ស្មោះត្រង់ចំពោះអិតថិជនរបស់ខ្លួន ។ បងប្អូនប្រជាពលរដ្ឋនិងអាជីវក បង្ហាញថា ៖

ពួកគាត់ពេញចិត្តចំពោះវត្តមាននៃប្រតិបត្តិការរបស់មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តសៀមរាប  ដែលបានណែនាំ ជំរុញឲ្យអាជីវកម្មរបស់ពួកគាត់កាន់មានដំណើរការប្រសើរឡើង អតិថិជនមានទំនុកចិត្ត ។បើទោះជាបេសកកម្មរបស់ក្រុមការងារកាំកុងត្រូល ក្នុងការចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗ ពុំត្រូវបានកំណត់កាលវេលាណាមួយត្រូវបញ្ចប់នោះក៏ដោយ តែការវាយតម្លៃអំពីស្ថានភាពប្រសើរឡើង នៃការដាក់តាំងលក់ផលិតផលចំណីអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗនៅតាមផ្សារទំនើបនានាក្នុងក្រុងសៀមរាបនឹងមានទំនួលខុសត្រូវខ្ពស់ តាមការណែនាំរបស់មន្រ្តីជំនាញត្រួតពិនិត្យ៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner