ក្រសួងការងារ៖កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាល ទៅធ្វើការនៅ ក្រៅប្រទេសនៅឡើយទេ
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១២ ខែ ឧសភាឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថាកន្លងមក ក្រសួងបានទទួលពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលបានលើកឡើងថា មានជនខិលខូច មួយចំនួនទាំងជនជាតិខ្មែរ និងជនបរទេស ដែលជ្រកក្រោមស្លាក សាលាភាសា អង្គការ និងសមាគមផ្សេងៗ បានចុះផ្សព្វផ្សាយ ជ្រើសរើស និងប្រមូល ថវិកាពីប្រជាពលរដ្ឋ ដោយធានាអះអាងថា អាចបញ្ចូនទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេសដែលមានប្រាក់ ចំណូលខ្ពស់។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងថា កន្លងមកក្រសួងក៏ធ្លាប់ទទួលបានការស្នើសុំឱ្យមានកិច្ចសហការលើការបញ្ជូនពលករទៅធ្វើការ នៅក្រៅប្រទេសតាមរដូវកាលផងដែរ ប៉ុន្តែក្រសួងសង្កេតឃើញថាការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនេះនៅមានបញ្ហាប្រឈមមួយចំនួនដូចជាមិនទាន់មានយន្តការសមស្របនិងច្បាស់លាស់ការងារមានរយៈពេលខ្លីខណៈការចំណាយខ្ពស់មិនសមស្របនឹងប្រាក់ចំណូលដែលទទួលបាន ហើយ លក្ខខណ្ឌការងារនៅមិនទាន់ ត្រូវបានធានា និងការពារដោយ បទដ្ឋានគតិយុត្តិនៃប្រទេសទទួលនៅឡើយ។
ឆ្លៀតក្នុងឱកាសនេះក្រសួងសូមបញ្ជាក់សាជាថ្មីជូនបងប្អូនប្រជាពលរដ្ឋសាធារណជនក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថាបច្ចុប្បន្នកម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេដោយទាមទារឱ្យមានការសិក្សាស្រាវជ្រាវលើស្ថានភាពសេដ្ឋកិច្ចប្រទេសទទួល លក្ខខណ្ឌការងារ កម្រៃសេវាដែលបងប្អូនពលករត្រូវចំណាយនិងជាពិសេសលើយន្តការនៃការបញ្ចូនដើម្បីទទួលបានឱកាសការងារសមរម្យនៅក្រៅប្រទេស។ ករណីមានកិច្ចព្រមព្រៀងលើការបញ្ជូនពលករទៅធ្វើការ តាមរដូវកាលនៅក្រៅប្រទេសជាមួយប្រទេសណាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹង ជាសាធារណៈ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជននិងស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ចៀសវាងការចាញ់បោកជនឆ្លៀតឱកាសនិងចូលរួមផ្សព្វផ្សាយបន្ត៕
ដោយ៖ម៉ាដេប៉ូ
