ស៊ីហ្គេម លើកទី៣១ ប្រារព្ធពិធីបើកជាផ្លូវការយ៉ាងអធិកអធម

ស៊ីហ្គេម – ម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ វៀតណាមបានប្រារព្ធពិធីបើកការប្រកួតជាផ្លូវការយ៉ាងអធិកអធម កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅកីឡដ្ឋាន My Dinh ដោយចូលរួមគាំទ្រយ៉ាងក្លៀវក្លាពីគណៈប្រតិភូ អត្តពលិកទាំង១១ប្រទេសក្នុងអាស៊ីអាគ្នេយ៍ រួមទាំងប្រតិភូកីឡាកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជាបានអញ្ជើញចូលរួមនៅក្នុងពិធីដ៏មហោឡារឹកនេះ។

កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា កូនខ្មែរ-អាម៉េរិក ខាន់ ចេសា ម្ចាស់មេដាយមាស កីឡាអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ទទួលបានកិត្តិយសកាន់ទង់ជាតិកម្ពុជាដឹកនាំក្បួនប្រតិភូកម្ពុជា ដោយមានចំនួន៣១រូប ខណៈបណ្តាប្រទេសនានាក៏ត្រូវបានកំណត់នូវចំនួន៣១រូបដូចៗគ្នា ឲ្យស្របតាមស៊ីហ្គេម លើកទី៣១។

ក្រុមប្រតិភូកីឡាកម្ពុជាបានបញ្ជូន៣៣ប្រភេទកីឡា ស្មើនឹង៥៦០នាក់។ មុនពិធីបើកជាផ្លូវការនេះ មានប្រភេទកីឡាមួយចំនួនបានដំណើរការជាបន្ទាប់ ខណៈកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿងលើវិញ្ញាសាទូករ៉ូអ៊ីង ដែលត្រូវបានបញ្ជូលក្នុងតារាងមេដាយជាផ្លូវការ។ ចំពោះប្រភេទកីឡាឃីកបុកស៊ីងកំពុងឆ្ពោះទៅរកមេដាយមាសចំនួន៤វិញ្ញាសា ដែលកំពុងរង់ចាំការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី១៣ ខែឧសភានេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍មានប្រសាសន៍មុនពេលពិធីបើកនេះថា បណ្តាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ទាំងអស់បានមើលឃើញពីការខិតខំរបស់ម្ចាស់ផ្ទះ វៀតណាម ក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ នេះ បើទោះបីជាស្ថិតក្នុងការលំបាកនៃវិបត្តិជំងឺកូវីដ-១៩យ៉ាងណាក្តី ហើយសមាជិកទាំងអស់រួមគ្នា គាំទ្រតាមរយៈការចូលរួម ដើម្បីជំរុញឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner