បេសកជនចិន៖ ការសម្រេចបានសន្តិភាព គឺជាការការពារដ៏ល្អបំផុតសម្រាប់កុមារនៅអ៊ុយក្រែន

ប៉េកាំង៖ តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិលោក Dai Bing បាននិយាយថា ការទទួលបានសន្តិភាព គឺជាការការពារដ៏ល្អបំផុតសម្រាប់កុមារ ជាពិសេសកុមារនៅប្រទេសអ៊ុយក្រែន។

លោកបន្តថា ការសន្ទនា និងការចរចា ក៏ជាមធ្យោបាយជាក់ស្តែង និងអាចធ្វើទៅបានដែលល្អបំផុត ដើម្បីឈានដល់បទឈប់បាញ់។ សហគមន៍អន្តរជាតិគួរតែលើកទឹកចិត្តរុស្ស៊ី និងអ៊ុយក្រែនឱ្យត្រលប់ទៅរកផ្លូវចរចា និងរក្សាលក្ខខណ្ឌនយោបាយសម្រាប់ការស្ដារឡើងវិញនូវសន្តិភាព។

លោក Dai Bing បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាកុមារ និង ការអប់រំនៅអ៊ុយក្រែនថា ការដាក់ទណ្ឌកម្មនឹងមិននាំមកនូវសន្តិភាពទេ ប៉ុន្តែវាគ្រាន់តែពន្លឿនការរីករាលដាលនៃវិបត្តិប៉ុណ្ណោះ ដែលបង្កឱ្យមានជាវិបត្តិស្បៀងអាហារ ថាមពល និងហិរញ្ញវត្ថុនៅទូទាំងពិភពលោក និងធ្វើឱ្យកុមារនៅជុំវិញពិភពលោកទទួលរងនូវផលវិបាកដ៏ជូរចត់។

ជាមួយគ្នានេះ លោកបានព្រមានថា កុមារដែលរស់នៅក្នុងស្ថានភាពជម្លោះក្នុងប្រទេសអាហ្វហ្គានីស្ថាន យ៉េមែន និងទ្វីបអាហ្រ្វិក ក៏ដូចជាតំបន់ Sahel កំពុងទទួលរងនូវផលប៉ះពាល់ផ្នែកមនុស្សធម៌យ៉ាងខ្លាំង។

លោក Dai បន្ថែមថា ប្រទេសចិនជាថ្មីម្តងទៀតបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ រក្សាសមហេតុផល និងអនុវត្តការអត់ធ្មត់ ដើម្បីឆ្លងផុតការរើសអើង និងការបែកបាក់គ្នា ហើយខិតខំប្រឹងប្រែងសម្រាប់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែនឱ្យទាន់ពេលវេលា ក៏ដូចជាដើម្បីឱ្យកុមារទទួលបាននូវអនាគតសន្តិភាព។ ការការពារកុមារពីគ្រោះថ្នាក់ គឺជាកាតព្វកិច្ចនៅក្រោមច្បាប់អន្តរជាតិដែលត្រូវតែបំពេញដោយភាគីជម្លោះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner