រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន ឆ្នាំ២០២១ សម្រាប់ជ័យលាភីទាំងពីររបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាល និងប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០២១ (ASEAN ICT Awards 2021)ដល់បេក្ខជនប្រកួតក្នុងកម្មវិធីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន ឆ្នាំ២០២១។

គួរបញ្ជាក់ថា ពិធីសម្រាប់ប្រគល់ជ័យលាភីទាំងពីររបស់កម្ពុជាដែលបានប្រកាសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន តាមប្រព័ន្ធវីដេអូ កន្លងមក រួមមានមេដាយមាស បានទៅលើក្រុមហ៊ុន PillTech Solutions Co., Ltd. (https://tovpet.com) និងមេដាយសំរិទ្ធ បានទៅលើប្រព័ន្ធ QR Code Stop Covid របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ថ្លែងនៅក្នុងពិធីកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជ័យលាភី និងបេក្ខភាពដែលមកចូលរួមថ្ងៃនេះ បានចូលរួមចំណែកលើកកម្ពស់តម្លៃជាតិនៅក្នុងតំបន់លើសមត្ថភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់កម្ពុជា ព្រមទាំងជាគំរូសម្រាប់ ជំរុញសហគ្រិនភាពនិងនវានុវត្តន៍ឌីជីថលនៅកម្ពុជា និងក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យជ័យលាភី និងបេក្ខជនទាំងអស់បន្តខិតខំប្រឹងប្រែងស្រាវជ្រាវ និងពង្រីកអាជីវកម្មបន្ថែមទៀត ក៏ដូចជាចូលរួមក្នុងការចែករំលែកបទពិសោធន៍ជោគជ័យដល់អ្នកជំនាន់ក្រោយ ជាពិសេសយុវជន ដើម្បីចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល។

គួរបញ្ជាក់ថា ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន (ASEAN ICT Awards) គឺជាគំនិតផ្តួចផ្តើមកំណត់ក្នុងផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០១៥ (ASEAN ICT Masterplan 2015) និងផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥ (ASEAN Digital Masterplan 2025) ដើម្បីទទួលស្គាល់សមិទ្ធិផលលើបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដែលល្អបំផុត ក្នុងចំណោមសហគ្រិន និងស្ថាប័ននានា ក្នុងតំបន់អាស៊ាន។

ពានរង្វាន់នេះ មានគោលបំណងបង្ហាញពីភាពជោគជ័យ ភាពច្នៃប្រឌិត និងនវានុវត្តន៍ លើបច្ចេកវិទ្យាឌីជីថលរបស់តំបន់អាស៊ាន សម្រាប់លើកកម្ពស់ការទទួលស្គាល់ផលិតផលឌីជីថលអាស៊ាន ព្រមទាំងផ្តល់ឱកាស និងបណ្តាញពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ។ AICTA ផ្តល់ការទទួលស្គាល់នវានុវត្តន៍លើ ៦ ប្រភេទពានរង្វាន់៖ ១. វិស័យសាធារណៈ ២. វិស័យឯកជន ៣. ការទទួលខុសត្រូវសង្គម ៤. មាតិកាឌីជីថល ៥. ធុរកិច្ចថ្មី និង ៦. ការស្រាវជ្រាវនិងអភិវឌ្ឍ៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner